សំណុំរឿងបង្ក្រាបជនជាតិកូរ៉េ០៦នាក់និងខ្មែរម្នាក់ជួលផ្ទះស្នាក់នៅខុសច្បាប់ ត្រូវអាជ្ញាធរផាកពិន័យម្ចាស់ផ្ទះម្នាក់៤លានរៀល
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលបានជួលផ្ទះវីឡាឱ្យជនជាតិកូរ៉េចំនួន០៦នាក់ និងខ្មែរម្នាក់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុម «អនឡាញស្គេម»ស្នាក់នៅ ដោយមិនបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ឬអាជ្ញាធរដែនដី កាលពីចុងខែឧសភា កន្លងទៅមុននេះ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យតាមផ្លូវច្បាប់ទៅលើម្ចាស់ផ្ទះនោះក្នុងម្នាក់៤លានរៀល តែពុំមានចំណាត់ការផ្លូវច្បាប់អ្វីលើសពីនេះទេ ។ នេះបើតាមសមត្ថកិច្ចបាននិយាយឲ្យ
ដឹង ។

កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ មិថុនា អំពីចំណាត់ការបែបណាតាមផ្លូវច្បាប់លើករណីនេះ តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល ។ ប៉ុន្តែ បន្ទាប់ពីលោកស្នងការខេត្តមិនលើកទូរស័ព្ទ អធិការក្រុងបាត់ដំបង លោក ពេជ្រេ សារ៉ែន បានពន្យល់ក្នុងសំណុំរឿងនេះថា ដោយយោងលើក្រុមជនបរទេសទើបចូលស្នាក់នៅ តាមរយៈជនជាតិខ្មែរម្នាក់ ជាអ្នកជួល ហើយពួកគេក៏មិនទាន់បានប្រព្រឹត្តបទល្មើស «អនឡាញស្គេម»នៅឡើយ ។
ដូច្នេះហើយ ទើបសមត្ថកិច្ចគ្រាន់តែធ្វើការផាកពិន័យតាមច្បាប់ទៅលើម្ចាស់ផ្ទះតែប៉ុណ្ណោះ ។ ហើយការផាកពិន័យម្ចាស់ផ្ទះនេះ ក៏ព្រោះតែម្ចាស់ផ្ទះជួលនេះ ធ្វេសប្រហែសមិនបានរាយការណ៍ប្រាប់សមត្ថកិច្ច ឬអាជ្ញាធរដែនដីឲ្យបានដឹងពីក្រុមជនបរទេសនោះមកស្នាក់នៅផ្ទះរបស់ខ្លួន ។ នេះជាការបំពានច្បាប់ ។

កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការផង ឯកភាពខេត្ត និងក្រុងបាត់ដំបង បានចុះឡោមព័ទ្ធវីឡាមួយកន្លែង ដែលមានម្ចាស់ឈ្មោះ គុយ សុនវវូច ភេទស្រី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនជាតិ «កូរ៉េ» ចំនួន០៦នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកចេញមុខជួលវីឡារបស់ឈ្មោះ គុយ សុខវួច ឲ្យជនបរទេសមួយក្រុមនេះស្នាក់នៅ ។
កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកស្រីព្រះរាជអាជ្ញារងម្នាក់ផង បានចំណាយពេលជាច្រើនម៉ោង ក្នុងកិច្ចប្រតិបត្តិការចុះឡោមព័ទ្ធវីឡានោះ ដោយសារតែជនស្នាក់នៅមិនព្រមសហការបើកទ្វារផ្ទះ រហូតសមត្ថកិច្ចចម្រេចកាត់ផ្ដាច់សោទ្វារចូលអូស.កចេញពីក្នុងផ្ទះតែម្ដង ។

ក្រុមជនជាតិកូរ៉េទាំង០៦នាក់ និងខ្មែរម្នាក់នេះ ត្រូវបានគេសង្ស័យជាក្រុម «អនឡាញស្គេម» ដែលបែកសំបុករត់ចេញពីក្រុងប៉ោយប៉ែត ហើយមកជួលវីឡារបស់ឈ្មោះ គុយ សុខវួច នៅភូមិសង្កាត់ខាងលើ សំងំស្នាក់នៅបណ្ដោះអាសន្ន ដើម្បីរកឱកាសបើកដំណើរការ «អនឡាញស្គេម»ទៀត តែត្រូវកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បំបែកសំបុកមុនពេលបទល្មើសបានកើតឡើង ។
ពាក់ព័ន្ធនឹងករណីជួលផ្ទះឲ្យជនបរទេសស្នាក់នៅខុស្បាប់នេះ កោះសន្តិភាពមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីម្ចាស់ផ្ទះ គឺអ្នកស្រី គុយ សុខវួច បាននៅឡើយទេ រហូតមកទល់នឹងម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ មិថុនា ។

ប៉ុន្តែបើតាមម្ចាស់ផ្ទះនេះ បានផ្ដល់ចម្លើយ ដែលសមត្ថកិច្ចបានសួរនាំថា គាត់បានជួលវិឡារបស់គាត់ឲ្យទៅជនជាតិខ្មែរម្នាក់ មិនបានជួលឲ្យជនជាតិកូរ៉េស្នាក់នៅទេ ។ ប៉ុន្តែពេលចូលស្នាក់នៅជាក់ស្ដែង បែរជាមានជនជាតិកូនរ៉េទៅវិញ ។ ហើយគាត់បានដឹងនៅពេលសមត្ថកិច្ចចុះបង្ក្រាប ។
លោក ពេជ្រេ សារ៉ែន អធិការក្រុងបាត់ដំបង ក៏បានបញ្ជាក់ដែរថា ក្រុមជនបរទេស និងជនជាតិខ្មែរម្នាក់នោះ ទើបជួលស្នាក់នៅបានប្រហែលមួយសប្ដាហ៍ប៉ុណ្ណោះ ។ ពួកគេមិនទាន់បានប្រព្រឹត្តបទល្មើសអ្វីទេ បើទោះជាវត្ថុតាងមួយចំនួន យើងសង្ស័យថា មានជាប់ពាក់ព័ន្ធនឹង «អនឡាញស្គេម» ក្ដី ។ ប៉ុន្តែយ៉ាងណា ម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចហៅទៅសួរនាំធ្វើកិច្ចសន្យា និងវធ្វើការផាកពិន័យតាមច្បាប់ហើយ គឺជនបរទេសម្នាក់ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល ដែលម្ចាស់ផ្ទះរូបនេះ ជាអ្នកធានារ៉ាប់រងចំពោះប្រាក់ដែលត្រូវផាកពិន័យ ៕







ចែករំលែកព័តមាននេះ