ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១​ថ្ងៃ​ កម្ពុជា​បណ្តេញ​ជនបរទេស​ជិត​៣​ពាន់​នាក់​ពាក់​ព័ន្ធ​​​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថា ​ជនបរទេស​២,៨៤៧​នាក់ មាន​២៩​សញ្ជាតិ​​ខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ស្រុក​វិញ ​។

ប្រភព​បាន​លើក​ឡើង​ថា ​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់ទី​៣១ ​ឧសភា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហា​ផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម​សេ នី​យ៍​ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​​អនុវត្ត​នីតិវិធី បន្ត​ធ្វើកា​បណ្ដេញចេញ​ជនបរទេស​សរុប​ចំនួន​២,៨៤៧​នាក់ (ស្រី​៣៤៨​នាក់) មាន​២៩​សញ្ជាតិ រួម​មាន ៖

យូ​ហ្គ​ង់​ដា កា​មេ​រូ​ន ហ្គា​ណា លី​បេ​រី​យ៉ា ប្រេ​ស៊ី​ល ប៉ា​គី​ស្ថាន នេ​ប៉ា​ល់ ជប៉ុន ហ្វី​លី​ពី​ន រ​វ៉ា​ន់​ដា នី​ហ្សេ​រី​យ៉ា បង់​ក្លា​ដេ​ស ចិន ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្គី​ណេ អា​មេ​រិ​ក ចិនតៃវ៉ាន់ សិង្ហ​បុរី ឥណ្ឌា វៀតណាម ប៉េ​រូ កេ​ន​យ៉ា ហ្ស៊ី​ម​ប៉ា​វេ ឡាវ រុ​ស្សី កូរ៉េ និង​ជនជាតិ​ស្រី​លង្កា ត្រូវ​បាន​បណ្ដេញ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​ជនជាតិ​ចិន​៨៣៦​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ​ត្រូវ​បាន​បណ្ដេញ ចេញ​តាម​រយៈ​យន្តហោះ​ពិសេស​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​៧៥​នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញចេញ តាម​​ប៉ុស្តិ៍​នគរ​បា​ល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​តេ​ជោ និង​មាន​ជនជាតិ​វៀតណាម​២៨២​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ឌិន និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ និង​ជនបរ​ទេស​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន បន្លំ​ឯកសារ​ក្លែងក្លាយ ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ចាប់​ជំ​រិ​ទទារ​ប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ ( QR Code ក្លែងក្លាយ​) ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើ​ការងារ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បណ្ដេញចេញ​​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា​ ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់ សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ម​ហា​ផ្ទៃ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម​ក្ពុ​ជា​ទាំងអស់​ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ជា​ពិសេស​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ ៕