ឃា.តកម្មបំបិទភស្តុតាង! សម្លា.ប់ស្ត្រីភេ.ទទី៣ និងអ្នករត់តាក់ស៊ី យកស.ពញាត់ចូលលូ រួចចា.ក់បេតុងក.ប់ចោល ផ្អើលម្តុំជ្រោយចង្វា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបើកការស្រាវជ្រាវ និងស៊ើបអង្គេត រហូតឈានដល់ដំណាក់កាលកាយដី យកសពមនុស្ស២នាក់ កប់ក្នុងដីឡូត៍១កន្លែងក្នុងខណ្ឌជ្រោយចង្វារ ក្នុងនោះមានម្នាក់ជាអ្នករត់តាក់ស៊ី និងម្នាក់ទៀតជាស្ត្រីភេទទី៣ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅចំណុចដីឡូត៍១កន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងម្នាក់ទៀតឈ្មោះ តាំង ស៊ីម៉េង ហៅឡីឡី (ប្រុសកែភេទជាស្រី) អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយជនរងគ្រោះភេទទី៣ ដែលបានបាត់ខ្លួនបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីភេទទី៣ បានប្រាប់ “កូនៗ” របស់ខ្លួន ដែលជាអ្នកស្គាល់គ្នាថា គាត់ចេញទៅជួបភ្ញៀវចិន រួចក៏បានខលហៅតាក់ស៊ី ដែលជាបុរសរងគ្រោះ មកទទួលរួចធ្វើដំណើរទៅបាត់ ។ លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីបាត់ខ្លួនអស់១ថ្ងៃ ហើយកូនៗទាក់ទងមិនចូលទៀត ក៏កើតក្តីបារម្ភ ទើបកូនៗបាននាំគ្នាទៅដាក់ពាក្យបណ្តឹងស្វែងរកស្ត្រីភេទទី៣ម្នាក់នោះ ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ថា គេប្រទះឃើញរថយន្ត ម៉ាក TOYOTA PRIUS ១គ្រឿង ដែលមានភិនភាគដូចពាក្យបណ្តឹង ដែលក្រុមកូនៗស្ត្រីភេទទី៣ខាងលើរៀបរាប់ ។ បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចបានចុះទៅយករថយន្តនោះ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបើកការស្រាវជ្រាវបន្ត ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវសើបអង្គេតយ៉ាងស្វិតស្វាញ ឈានដល់ការឃាត់ខ្លួនជនជាតិចិនម្នាក់ ជាជនសង្ស័យ ។
បន្ទាប់ពីសាកសួរនាំរួច ជនសង្ស័យបានសារភាព រៀបរាប់សាច់រឿងទាំងអស់ទៅកាន់សមត្ថកិច្ច ទើបសមត្ថកិច្ចសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចុះទៅកាន់ដីឡូត៍១កន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌរោយចង្វារ ក្នុងយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះភ្លាមៗតែម្តង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់គ្រឿងចក្រអេសស្កាវ៉ាទ័រជីកកាយលូ ដែលមានចាក់សាបដោយបេតុង នៅក្នុងដីឡូត៌ខាងលើ ទើបឃើញសពមនុស្ស២នាក់ ម្នាក់ជាស្ត្រីភេទទី៣ដែលបានបាត់ខ្លួននោះ និងសពបុរសម្នាក់ដែលជាអ្នករត់តាក់ស៊ី ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានសន្និដ្ឋានថាជនជាតិចិនម្នាក់នោះ សម្លាប់ស្ត្រីភេទទី៣រួច ហៅតាក់ស៊ីដដែលមកទទួល បន្ទាប់មកធ្វើសកម្មភាពសម្លាប់តាក់ស៊ីនោះបន្ថែមទៀត ទើបដឹកសពជនរងគ្រោះទាំង២នោះ យកទៅកាន់ដីឡូត៍ខាងលើ ហើយញាត់ចូលលូ ចាក់បេតុង ដើម្បីបំបិទភស្តុតាង ព្រមទាំងយករថយន្តនោះទៅប្លុងចោលនៅព្រែកឯង ដើម្បីពង្វាងដានសមត្ថកិច្ច ប៉ុន្តែត្រូវបែកការណ៍ ដោយសារពាក្យបណ្តឹងបាត់ខ្លួនទៅវិញ ។
បន្ទាប់ពីជីកកាយលូនោះរួច គេឃើញសាច់ញាតិសព និងមន្ត្រីជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះទៅកាន់ដីឡូត៌ខាងលើ ធ្វើការត្រួតពិនិត្យសពទាំងនោះ ។
ក្រោយបញ្ចប់ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញបានបំពេញសុំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទ័ណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិធី ។ ចំណែកសពជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕










ចែករំលែកព័តមាននេះ