ទីក្រុងហ្សេរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បានចេញសេចក្តីថ្លែងការណ៍រួមគ្នាផ្ដល់បទបញ្ជាឱ្យកងទ័ពបើកការវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូតប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១ ខែមិថុនានេះ។
បទបញ្ជាក្តៅគគុកនេះត្រូវបានដាក់ចេញ បន្ទាប់ពីក្រុមហេស្បូឡាបានបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ តាមរយៈការបាញ់ផ្លោងគ្រាប់រ៉ុក្កែត និងបង្ហោះដ្រូនវាយប្រហារចូលទៅក្នុងទីក្រុងភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានទម្លាយថា ការសម្រេចចិត្តពង្រីកដែនដីវាយប្រហារពីរន្ធត់ភាគខាងត្បូងលីបង់ ឈានចូលទៅដល់ចំកណ្ដាលរដ្ឋធានីបេរូតនេះ គឺធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកភ្លើងខៀវ និងអនុម័តលើសំណើរបស់អ៊ីស្រាអែលក្នុងការបង្កើនសកម្មភាពយោធារបស់ខ្លួន។ ការវាយប្រហារសងសឹកនេះ ក៏បានកើតឡើងភ្លាមៗបន្ទាប់ពីទាហានអ៊ីស្រាអែលម្នាក់នៃកងកុម្ម៉ង់ដូពិសេស បានបាត់បង់ជីវិត និងបីនាក់ទៀតរងរបួសធ្ងន់ ដោយសារការវាយប្រហារដោយដ្រូនអត្តឃាតរបស់ក្រុមហេហ្សបូឡានៅភាគខាងត្បូងលីបង់ កាលពីព្រឹកថ្ងៃចន្ទដដែលនោះ។
បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានកម្ទេចជើងទម្របាញ់រ៉ុក្កែតរបស់ក្រុមហេស្បូឡាជាច្រើនកន្លែងរួចរាល់ហើយ ខណៈការប្រឈមមុខដាក់គ្នាកំពុងស្ថិតក្នុងភាពតានតឹងជាទីបំផុត៕
ចែករំលែកព័តមាននេះ