អ៉ីស្រាអែល-អ៉ីរ៉ង់ ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ ប្រកាសនាថ្ងៃទី៣១ ឧសភា ថា ចង់បង្កើនការវាយលុកប្រឆាំងពួកហេសប៊ុលឡាហ៍ នៅលីបង់ដោយលោកចាត់ទុក ការវាយដណ្ដើមយកទីតាំងមានវិមាន BEAUFORT លីបង់របស់កងទ័ពលោកថា ជារបត់ដ៏សំខាន់។ បែបនេះ នាំឲ្យបារាំងស្នើកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី១ មិថុនា។

ពេលដែលកងទ័ពអ៉ីស្រាអែលធ្វើការវាយលុកកាន់តែខ្លាំងក្លាលើលីបង់ ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុងអះអាងតាមបណ្ដាញសង្គមXថា គ្មានការលើកហេតុផលណាមួយចំពោះការបង្កើនសង្គ្រាមកាន់តែខ្លាំងរបស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់ឡើយ ។ ក្រសួងសុខាភិបាលលីបង់អះអាងថា ការវាយប្រហាររបស់
អ៉ីស្រាអែលកាលព្រឹកព្រលឹមថ្ងៃទី៣១ ឧសភា លើទីក្រុងDEIR ZAHRANI ក្នុងស្រុកNABATIEH ភាគខាងត្បូងលីបង់ បណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់និង១៩នាក់រងរបួស ។

រដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់ម៉ានុយអែលបារ៉ូត បានស្នើឲ្យកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី១ មិថុនា។ ការវាយដណ្ដើមយកទីក្រុងដែលមានវិមានBEAUFORT កសាងឡើងតាំងពីសតវត្សទី១២ មកពីសំណាក់អ៉ីស្រាអែល ព្រោះនោះជាទីតាំងយុទ្ធសាស្ត្រមួយស្តិតនៅទីខ្ពស់នាភាគខាងត្បូងលីបង់ អាចបើកផ្លូវឲ្យកងទ័ពអ៉ីស្រាអែលវាយរុលទៅមុខឆ្ពោះមកកាន់់តំបន់ណាប៉ាបាទីយេ។

BEAUFORT រយៈពេល២ទសវត្សនៃការកាន់កាប់របស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ដែលបញ្ចប់ក្នុងឆ្នាំ២០០០ ត្រូវបានអ៉ីស្រាអែលយកធ្វើជាមូលដ្ឋាយោធាខ្លួន ។ ទីតាំងនោះ កាលពីឆ្នាំ២០០៤ ទទួលបានកិច្ចការពាររបស់អង្គការយូនេស្កូ ហើយសម្រាប់រដ្ឋាភិបាល់លីបង់យល់ថា ការវាយលុកនោះរបស់អ៉ីស្រាអែលគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ៕
ចែករំលែកព័តមាននេះ