ក្រុមជិះម៉ូតូដេញតាមបម្រុងគ.ប់ដុំថ្មប្ល.ន់យកម៉ូតូគេ ប៉ះចំនគរបាលកំពុងជិះល្បាត ត្រូវអស់លក្ខណ៍
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរប្លន់ចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពយកដុំថ្មនិងបិទបាំងផ្លាកលេខម៉ូតូ ហើយរៀបចំធ្វើសកម្មភាពប្លន់ប៉ុន្តែប៉ះចំមន្ត្រីសមត្ថកិច្ចក៏ឃាត់ខ្លួនបានតែម្ដង។
ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់មិនបានសម្រេចបានធ្វើឡើងកាលពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅ ចំណុចលើផ្លូវក្រាលកៅស៊ូលេខ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខែត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន គឺមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AE-1885 ជិះចេញខារ៉ាអូខេ KTV យីហ៊ោ បុផ្ផាលាក់ខ្លួន ចន្លោះបង្គោល គីឡូម៉ែត្រលេខ៥២-ទៅលេខ៥៣ ដោយយកថង់ចងបិទបាំងផ្លាកលេខម៉ូតូរបស់ខ្លួន និងកាន់មានដុំថ្មចំនួន០២ដុំថែមទៀតផង លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានធ្វើសកម្មភាពជិះត្រឡប់បកក្រោយតាមជនរងគ្រោះឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ(ជាសមត្ថកិច្ចមន្ត្រីប៉ុស្តិ៍ទួលអំពិល) កំពុងជិះល្បាត គោលបំណងធ្វើសកម្មភាពវាយគប់ប្លន់យកម៉ូតូដោយឃើញឯកសណ្ឋានអាវយឺតប៉ូលីស ក្រុមជនសង្ស័យបានជិះម៉ូតូព្យាយាមគេចខ្លួន។ ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្ទាក់ឃាត់ខ្លួនបានទាំង០២នាក់ រួមជាមួយនិងវត្ថុតាងម៉ូតូ០១គ្រឿង និងដុំថ្ម០២ដុំ ។
នគរបាលស្រុកបសេដ្ឋបានបន្តឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះ នាង សំអាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ។ បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ(ឈ្មោះនាង សំអាត) និង(ឈ្មោះសន រដ្ឋា) ថាពួកខ្លួនពិតជាបានយកថង់ចងបិតផ្លាកលេខម៉ូតូ និងមានដុំថ្មគោលបំណង ធ្វើសកម្មភាពប្លន់យកម៉ូតូប្រាកដមែន ។
នគរបាលស្រុកបរសេដ្ឋបានបញ្ជាក់ថាក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ រួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ