ទីក្រុងប៉េកាំង៖ ថ្ងៃនេះ ឆ្មាំល្បាតដែនសមុទ្ររបស់ប្រទេសចិនថ្លែងថាខ្លួនចេញល្បាតដើម្បីពង្រឹងការអនុវត្តច្បាប់នៅលើដែនសមុទ្រភាគខាងកើតកោះតៃវ៉ាន់ និងដើម្បីបញ្ចេញប្រតិកម្មតបទៅនឹងផែនការរបស់ជប៉ុន និងហ្វ៊ីលីពីនដែលចង់បើកការពិភាក្សាគ្នាអំពីព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយដែនសមុទ្រដែលប្រទេសចិនក៏ចាត់ទុកថាជារបស់ខ្លួនដែរ។ តៃវ៉ាន់ប្រកាសថ្កោលទោសទង្វើរបស់ចិនជាទម្ងន់។ តៃវ៉ាន់ថាខ្លួនចាប់បានរូបភាពនាវាចម្បាំងរបស់ចិន២គ្រឿងនៅភាគអាគ្នេយ៍ ប៉ុន្តែនាវាទាំងនោះមិនបានបើកចូលដែនសមុទ្រហាមឃាត់របស់ខ្លួនទេ។

សូមរំលឹកថាជប៉ុន និងហ្វ៊ីលីពីនថ្លែងកាលពីសប្ដាហ៍មុនថាពួកគេនឹងចាប់ផ្ដើមពិភាក្សាគ្នាជាផ្លូវការអំពីការកំណត់ព្រំដែនទឹកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ហើយនឹងតំបន់ទឹករាក់រវាងប្រទេសទាំង២ស្របទៅតាមច្បាប់អន្តរជាតិ។ ការកំណត់ព្រំដែនទឹកនៅក្នុងន័យនេះចង់សំដៅលើកកំណត់ព្រំដែនរវាងប្រទេស២ ឬតំបន់ពីរ។ ប្រទេសទាំង២មិនបានបញ្ជាក់លម្អិតអំពីនីតិវិធីនេះទេ។ ប៉ុន្តែក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រសប្ដាហ៍មុនថ្លែងថានោះជាតំបន់ដែលគ្របដណ្ដប់លើផ្ទៃសមុទ្រភាគខាងកើតកោះតៃវ៉ាន់។ ក្រសួងចាត់ទុកថាគម្រោងពិភាក្សាគ្នានេះខុសច្បាប់ទាំងស្រុង មោឃភាព និងឥតន័យ។

ឆ្មាំល្បាតដែនសមុទ្ររបស់ចិនក៏បានចេញសេចក្ដីប្រកាសថាខ្លួនបានបញ្ជូនកងនាវាល្បាតស្របទៅតាមផ្លូវច្បាប់ទៅភាគខាងកើតកោះតៃវ៉ាន់។ ប៉ុន្តែឆ្មាំល្បាតមិនបានបញ្ជាក់ថាល្បាតត្រង់ចំណុចណាខ្លះនោះទេ។ នេះជាវិធានការដ៏ចាំបាច់ដើម្បីឆ្លើយតបទៅជប៉ុន និងហ្វ៊ីលីពីនដែលប្រកាសជាឯកតោភាគីអំពីការកំណត់ព្រំដែននៅក្នុងដែនសមុទ្រភាគខាងកើតកោះតៃវ៉ាន់ដែលចិនចាត់ទុកជារបស់ខ្លួន។ យើងសូមជំរុញឱ្យប្រទេសជប៉ុន និងហ្វ៊ីលីពីនបញ្ឈប់សកម្មភាពខុសច្បាប់នេះដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់ប្រទេសចិន។

ឆ្មាំសមុទ្រតៃវ៉ាន់ថ្លែងថាខ្លួនបន្តឃ្លាំមើលនាវារបស់ចិនបើកកាត់តំបន់ភាគអាគ្នេហ៍នៃកោះអ័រឃីត (Orchid) នៅមហាសមុទ្រប៉ាស៊ីហ្វិច។ តៃវ៉ាន់ក៏បានប្រកាសថ្កោលទោសចិនផងដែរពីបទធ្វើសកម្មភាពដូចខាងលើ ហើយបែរជាអះអាងថានោះជាការសកម្មភាពពង្រឹងការអនុវត្តច្បាប់។ តៃវ៉ាន់ចេញសេចក្ដីប្រកាសថាអធិបតេយ្យភាពរបស់សាធារណរដ្ឋចិន (សំដៅលើតៃវ៉ាន់) មិនត្រូវគេរំលោភបំពានជាដាច់ខាត។ យើងប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពជាតិរបស់យើង និងធានាសន្តិសុខនៅលើដែនសមុទ្ររបស់យើង៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ