ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ការណ៍ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​មីយ៉ាន់​ម៉ា​ជាប់​នឹង​ព្រំ​ប្រ​ទល់​ប្រទេស​ចិន​បាន​ឆ.ក់​យក​ជី.វិ.ត​មនុស្ស​៤៥​នាក់

1 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ភាគ​​ឦសាន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​អគារ​មួយ​កន្លែង​ដែល​ស្តុក​ទុក​គ្រឿង​ផ្ទុះ​សម្រាប់​យក​រ៉ែ​បាន​សម្លាប់​មនុស្ស​ជាង​៤៥​នាក់​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​សារ​ព័ត៌​មាន​​ឯក​រាជ្យ​។ ក្រៅ​ពី​នេះ មនុស្ស​៧០​នាក់​ទៀត​រង​របួស​ដោយ​សារ​ហេតុ​ការណ៍​ផ្ទុះ​ដែល​កើត​ឡើង​នៅ​វេលា​ល្ងាច​នៅ​ក្នុង​ភូមិ​កោង​ថូប​ (Kaungtup) នៃ​តំបន់​ណាំ​ខាំ (Namkham)។ ទី​តាំង​នេះ​ស្ថិត​នៅ​ចម្ងាយ​បី​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​ចិន​ និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចលនា​តស៊ូ​រំដោះ​ជាតិ​តា​អាង (Ta’ang )​។ ពួក​គេ​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​ដែល​ឧស្សាហ៍​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កង​ទ័ព​មីយ៉ាន់​ម៉ា​។

អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដែល​បាន​ស្រូត​រូត​ទៅ​កន្លែង​ផ្ទុះ​នោះ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ AP ថា​គិត​ត្រឹម​យប់​ថ្ងៃ​អាទិត្យ​ គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​៤៦​នាក់​រួម​ទាំង​​កុមារ​៦​នាក់​ផង​ដែរ​ និង​បាន​ដឹក​ជញ្ជូន​ទៅ​ឈាបន​ដ្ឋាន​ដើម្បី​បូជា​​។ អ្នក​ជួយ​សង្គ្រោះ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ថ្លែង​បន្ត​ទៀត​ថា​អ្នក​របួស​៧៤​នាក់​ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ រហូត​មក​ដល់​ពេល​នេះ ប្រតិ​បត្តិ​ការ​​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ​នៅ​ឡើយ​ទេ​។​ អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ទៀត​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ដែរ​ថ្លែង​ថា​មនុស្ស​ប្រហែល​៤០​នាក់​បាន​ស្លាប់​ និង​ផ្ទះ​ជាង​១​រយ​ខ្នង​នៅ​ក្បែរ​កន្លែង​ផ្ទុះ​នោះ​រង​ការ​ខូច​ខាត​។

សារ​ព័ត៌​មាន​មីយ៉ាន់​ម៉ា​ចុះ​ផ្សាយ​ថា​អត្រា​ស្លាប់​អាច​មាន​ចន្លោះ​ពី​៥០ទៅ​៥៥​នាក់​។ សារ​ព័ត៌​មាន​ទាំង​នោះ​បាន​ចុះ​ផ្សាយ​រូប​ថត​ និង​វីឌីអូ​បង្ហាញ​ផ្សែងដ៏​ខ្មៅ​ងងឹត​ហោះ​ហើរ​ចេញ​ពី​កន្លែង​ផ្ទុះ និង​ចេញ​ពី​អគារ​ដែល​រង​ការ​ខូច​ខាត​ និង​បង្ហាញ​កម្ទេច​កម្ទី​បាក់​បែក​ដែល​នៅ​រាយ​ប៉ាយ​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​។ ទូរ​ទស្សន៍​របស់​រដ្ឋ​ចិន​ ស៊ី​ស៊ី​ធី​វី (CCTV) ផ្សាយ​ថា​ការ​ផ្ទុះ​នេះ​បណ្ដាល​ឱ្យ​ស្លាប់​ និង​របួស​មនុស្ស​ជា​ច្រើន​នាក់​។ ផ្ទះ​របស់​អ្នក​ស្រុក​នៅ​ក្បែរ​នោះ​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​។​

ទូរ​ទស្សន៍​ដដែល​នេះ​ផ្សាយ​បន្ត​ទៀត​ថា​យោង​តាម​លទ្ធ​ផល​ស៊ើប​អង្កេត​បឋម ការ​ផ្ទុះ​នេះ​កើត​ឡើង​នៅ​លើ​ទី​តាំង​មួយ​កន្លែង​ដែល​ស្តុក​ទុក​គ្រឿង​ផ្ទុះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​យក​រ៉ែ​។ អាជ្ញា​ធរ​មូល​ដ្ឋាន​កំពុង​ផ្ដល់​សេវា​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​រង​គ្រោះ​ ក៏​ដូច​ជា​ផ្ដល់​ការ​ថែ​ទាំ​សុខ​ភាព​ និង​ការ​សាង​សង់​ទី​ជម្រក​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ហេតុ​ការណ៍​នេះ​។ កង​ទ័ព​រំដោះ​ជាតិ​តា​អាង​ចេញ​សេចក្ដី​ប្រកាស​​ថា​គ្រឿង​ផ្ទុះ​ត្រូវ​បាន​ស្តុក​ទុក​នៅ​ក្នុង​ទីតាំង​នោះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ទុក​ប្រើ​ប្រាស់​យក​រ៉ែ និង​បំបែក​ថ្ម​ភ្នំ៕ ប្រភព៖ AP​