ទីក្រុងតេអេរ៉ង់៖ អាមេរិកថ្លែងថាខ្លួនទើបតែវាយប្រហារជាលក្ខណៈការពារខ្លួនទៅលើប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ និងវាយប្រហារទីតាំងបញ្ជាដ្រូនរបស់អ៊ីរ៉ង់នៅលើកោះ២កន្លែងកាលពីចុងសប្ដាហ៍កន្លងទៅនេះដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់អ៊ីរ៉ង់។ អគ្គបញ្ជាការដ្ឋានយោធាអាមេរិកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាអ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនអាមេរិកមួយគ្រឿងដែលបើកប្រតិបត្តិការនៅលើដែនសមុទ្រអន្តរជាតិ។
ក្រោយមក អាមេរិកវាយបកវិញដោយបញ្ជូនយន្តហោះវាយប្រហារប្រព័ន្ធការពារដែនអាកាស ស្ថានីយគ្រប់គ្រង-បញ្ជានៅលើដី និងដ្រូនវាយប្រហារ២គ្រឿងរបស់អ៊ីរ៉ង់។ យោធាអាមេរិកនិយាយបន្ថែមទៀតថាគ្មានបុគ្គលិកយោធារបស់ខ្លួនណាម្នាក់រងរបួស ឬស្លាប់ទេនៅក្នុងប្រតិបត្តិការសឹកលើកនេះ។ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកនេះ ឆ្មាំបដិវត្តឥស្លាមប្រកាសថាកងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសអាមេរិកដែលប្រើប្រាស់សម្រាប់វាយប្រហារទៅលើអគារទូរគមនាគមន៍នៅលើកោះនោះ។ ប៉ុន្តែឆ្មាំបដិវត្តមិនបានបរិយាយលម្អិតថាតើមូលដ្ឋានដែលខ្លួនវាយប្រហារនោះស្ថិតនៅទីកន្លែងណាទេ។
សូមរំលឹកថាប្រទេសទាំង២វាយប្រហារគ្នាទៅវិញទៅមកកាលពីសប្ដាហ៍មុន។ កាលនោះ អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកបន្ទាប់ពីយោធាអាមេរិកវាយប្រហារដ្រូនដែលហោះទៅជិតច្រកសមុទ្រហ័រម៉ូស។ នៅគុយវែត គុយវែតថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងដ្រូនជាច្រើនគ្រឿងដែលហោះចូលដែនអាកាសរបស់ខ្លួន។ ខ្លួនក៏បានបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នទូទាំងប្រទេសផងដែរ។ នេះបើយោងតាមការប្រកាសរបស់យោធាគុយវែតនៅថ្ងៃចន្ទនេះ។
អគ្គសេនាធិការដ្ឋានកងទ័ពគុយវែតប្រកាសថានៅពេលស្ដាប់ឮសំឡេងផ្ទុះមានន័យថាជាសំឡេងប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់គ្រាប់មីស៊ីល និងដ្រូនរបស់បច្ចាមិត្ត។ នេះបើយោងតាមការបង្ហោះសាររបស់យោធាគុយវែតនៅលើបណ្ដាញអ៊ិចរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA រាយការណ៍ថាគេស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នទូទាំងប្រទេសគុយវែតទោះបីបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់នៅតែបន្តមានសុពលភាពយ៉ាងណាក្ដី៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ