ខេត្តសៀមរាប ៖ ប្រាសាទប្រែរូប គឺជាសមិទ្ធផលស្ថាបត្យកម្មកំពូលមួយ ដែលស្ថិតនៅតាមបណ្តោយផ្លូវវង់ធំ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ។ ក្នុងទិដ្ឋភាពភូមិសាស្ត្រវប្បធម៌ ប្រាសាទភ្នំមួយនេះបានសាងសង់ឡើងនៅលើដីទួលខ្ពស់ត្រដែត ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីទស្សនទាននៃលទ្ធិទេវរាជ ក្នុងការបង្កើតភ្នំព្រះសុមេរុជានិមិត្តរូបនាសម័យបុរាណ ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរា បានប្រកាសនាព្រឹកថ្ងៃទី០១ ខែមិថុនានេះ ។

ប៉ុន្តែសព្វថ្ងៃ ទីតាំងខ្ពស់នៃសំណង់នេះ ក៏បានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍វប្បធម៌ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ដ៏ស្រស់បំព្រងដែលឆ្លុះបញ្ចាំងសម្រស់វាលស្រែ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើធម្មជាតិជុំវិញ ។

ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រាសាទប្រែរូបតំណាងឲ្យរបត់នៃការប្រែប្រួលយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មខ្មែរ ដោយបង្កើតបានលក្ខណៈចំណាំនៃ«រចនាបថប្រែរូប» ។ ភាពលេចធ្លោផ្នែកវិស្វកម្មសំណង់នៃប្រាសាទនេះ គឺទម្រង់ស្ថាបត្យកម្មឥដ្ឋខ្នាតធំ ដែលជាគំរូនៃសំណង់ដែលមានក្តីនានាធ្វើអំពីឥដ្ឋក្នុងទំហំធំបំផុតមួយ ដែលបានកសាងឡើងក្នុងសម័យអង្គរ ។

អាជ្ញាធរជាតិអប្សរា បានបន្តថា លើសពីនេះ បុព្វបុរសខ្មែរបានបង្ហាញពីភាពឆ្លាតវៃ និងបច្ចេកទេសកម្រិតខ្ពស់ក្នុងការប្រើប្រាស់សម្ភារៈបីប្រភេទរួមគ្នាឱ្យមានភាពចុះសម្រុងគ្នាយ៉ាងអស្ចារ្យ ដោយក្នុងនោះមានការប្រើប្រាស់ឥដ្ឋសម្រាប់សាងសង់ក្តីខាងលើ និងការឆ្លាក់ក្បាច់លម្អ ប្រើប្រាស់ថ្មបាយក្រៀមសម្រាប់ធ្វើជាខឿនថ្នាក់ៗបាតគ្រឹះ និងជញ្ជាំងព័ទ្ធជុំវិញ ដើម្បីទ្រទ្រង់ទម្ងន់ដ៏ធ្ងន់ និងប្រើប្រាស់ថ្មភក់សម្រាប់តែផ្នែកសំណង់ ដែលត្រូវទទួលសម្ពាធខ្លាំង និងកន្លែងលម្អប្រណីតដូចជា ផ្តែរ ស៊ុមទ្វារ និងសរសរពេជ្រ ។ របត់នេះបានលេចត្រដែតខ្លួនចេញពីឥទ្ធិពលស្ថាបត្យកម្មមុនអង្គរ ដែលភាគច្រើនប្រើប្រាស់តែឥដ្ឋ និងមានទម្រង់ជាក្តីដាច់ៗពីគ្នា មកជាការរៀបចំរចនាសម្ព័ន្ធជាលំដាប់ថ្នាក់នៅលើខឿនថ្នាក់ៗបែបប្រាសាទភ្នំយ៉ាងពិតប្រាកដ ។

ប្រភពទិន្នន័យចម្បង និងជាឯកសារយោងដ៏មានតម្លៃបំផុតសម្រាប់ប្រាសាទប្រែរូប គឺសិលាចារឹកលេខ K.806 ដែលចារិកជាភាសាសំស្ក្រឹត ជាកាព្យមានប្រវែងវែងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដោយមានរហូតដល់២៩៨ល្បះ ត្រូវជា២,១៨៥ គាថា ។

តាមរយៈខ្លឹមសារនៃសិលាចារឹកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩៦១ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងលទ្ធិព្រហ្មញ្ញសាសនា ។ សិលាចារឹក ក៏បានរៀបរាប់អំពីការតម្កល់សិវលិង្គសម្រាប់រាជ្យឈ្មោះ«រាជេន្ទ្របាទ្រេសូរ» នៅក្តីកណ្តាល ដែលជាព្រះនាមដើមផ្លូវការរបស់ប្រាសាទ ព្រមទាំងមានការឧទ្ទិសក្តីរណបនានាជូនចំពោះទេពតំណាងឲ្យបុព្វការីជន ។ នេះស្តែងឲ្យឃើញពីការអនុវត្តគុណធម៌ដ៏ស្មោះស្ម័គ្រ និងជាយុទ្ធសាស្ត្រនយោបាយក្នុងការផ្សារភ្ជាប់រាជវង្សរបស់ព្រះអង្គទៅនឹងខ្សែស្រឡាយដ៏រុងរឿងនៃមហានគរខ្មែរ ។
ក្នុងក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌពិភពលោក ក្រោមការសម្របសម្រួលបច្ចេកទេសនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor អាជ្ញាធរជាតិអប្សរាបានដាក់ចេញ និងអនុវត្តនូវវិធានការវិទ្យាសាស្ត្រ ដើម្បីធានាចីរភាពនៃរចនាសម្ព័ន្ធប្រាសាទ ។ ការងារនេះផ្ដោតសំខាន់លើការគ្រប់គ្រងប្រព័ន្ធជលសាស្ត្រ ដោយពង្រឹងប្រព័ន្ធបង្ហូរនិងរំដោះទឹកភ្លៀង ដើម្បីការពារមិនឲ្យទឹកហូរច្រោះចូលផ្ទាល់លើជញ្ជាំងឥដ្ឋ និងគ្រឹះជើងទម្រ ដែលអាចបណ្តាលឱ្យចុះខ្សោយកម្លាំងទ្រទ្រង់សំណង់ ។
ក្នុងទិដ្ឋភាពបច្ចេកវិទ្យាសម្ភារៈ អ្នកជំនាញបានបន្តស្រាវជ្រាវពិសោធន៍ និងអនុវត្តបច្ចេកទេសពង្រឹងគុណភាពឥដ្ឋបុរាណ និងសាច់បាយអឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាទម្រង់ដើមនៃប្រាសាទ និងការពារក្បាច់ចម្លាក់លម្អកុំឲ្យរងការខូចខាតបន្តទៀត ៕










ចែករំលែកព័តមាននេះ