ប៉េអឹមក្រសោបបានមីងៗជាង១០នាក់កំពុងលេងបៀបញ្ជូនមកកាន់ទីបញ្ជាការខេត្ក ដើម្បីសួរនាំ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មីងជាង១០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅក្រសោម ទាំងអុ្នកលេង ទាំងអ្នកលក់ នាំយកមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ពេលកំពុងដុំកង់ប្រព្រឹត្តល្បែងស៊ីសង (លេងបៀ) កាលពីរសៀលថ្ងៃទី៣១ ឧសភា នៅនឹងផ្ទះដែលគ្មានម្ចាស់ស្នាក់នៅមួយកន្លែង នៅក្នុងភូមិអណ្ដូងកន្លែង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ។ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបវង់ល្បែងស៊ីសងនេះ ដែលអ្នកប្រព្រឹត្តភាគច្រើនជាស្ត្រី ខណៈកម្លាំងកងរាជអាវុធហត្ថស្រុក មិនដែលរវីរវល់នឹងបនល្បែងបៀរបស់មីងៗនេះ ។ គេមិនដឹងថា តើល្បែងដែលអ្នកលេងភាគច្រើនសុទ្ធតែជាស្ត្រីនោះ ពួកគេលេងល្បែងអ្វីខ្លះទេ ? ប៉ុន្តែជាក់ស្ដែង គេឃើញពួកគាត់នាំគ្នា «លេងបៀ» ។

បើតាមប្រភពព័ត៌មានពីអ្នកភូមិបានប្រាប់ថា មនុស្សជាង១០នាក់ ដែលសមត្ថកិច្ចបានឡោមព័ទ្ធឃាត់ខ្លួនបញ្ជូនតាមរថយន្តយកទៅខេត្តនោះ មានទាំងអ្នកលក់ មានទាំងអ្នកលេង និងមានខ្លះអ្នកឈរមើល ។

កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវប្រឆាំងបទល្មើសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហងត្ថខេត្តបានទេ នៅព្រឹកថ្ងៃទី០១ មិថុនា ដោយលោកមិនលើកទូរស័ព្ទ ។ ប៉ុន្តែបើតាមមន្ត្រីមូលដ្ឋានបានបញ្ជាក់ថា មីងៗដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះ ត្រូវបានគេដឹងថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនភ្លាមៗតាមរយៈរថយន្តទៅកាន់ទីបញ្ជាការខេត្ត ដើម្បីសួរនាំ និងចាត់ការតាម
នីតិវិធី ។

យ៉ាងណាក្ដី ជុំវិញការចុះបង្ក្រាបល្បែងស៊ីសងដែលប្រព្រឹត្តដោយស្ត្រីៗមេផ្ទះខាងលើនេះ ហាក់មានការរិះគន់ខ្លះៗពីមហាជនក្នុងមូលដ្ឋាន ចំពោះសកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្ត ។ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ហើយបានចោទជាសំនួរថា កន្លងមកនៅស្រុករុក្ខគិរី មានបើកល្បែងស៊ីសងច្រើនប្រភេទ ដូចជា« ល្បែងយូគី ល្បែងអាប៉ោង ជាពិសេស ល្បែងជល់មាន់» សមត្ថកិច្ចមិនដែលអើពើទេ តែពេលនេះវង់ល្បែងទាំងនេះ ហាក់ស្ងប់ស្ងាត់បន្តិច បែរជាគេងាកទៅក្របួច.កក្រុមមីងៗលេងបៀរទៅវិញ ?

ហើយក៏មានអ្នកលេងល្បែងបៀរនេះដូចគ្នាជាច្រើនវង់ ដុំកង់លេងរាល់ថ្ងៃនៅក្នុងផ្សារស្រុករុក្ខគិរី តែសមត្ថកិច្ចធ្វើមើលមិនឃើញ ហើយនាំគ្នាដើរបង្ហូស ប៉ុន្តែគេសង្កេតឃើញនៅថ្ងៃទី០១ មិថុនា នេះ ហាក់ស្ងប់ស្ងាត់បាត់អ្នកលេងអស់ហើយនៅក្នុងផ្សារ បន្ទាប់ពីកងរាជអាវុធហត្ថខេត្តចុះទៅបង្ក្រាបវង់ល្បែងមីងៗកាលពីម្សិលមិញ ៕
ចែករំលែកព័តមាននេះ