ប្រទេសស៊ូដង់ ៖ អង្គការក្រៅរដ្ឋាភិបាល EMERGENCY LAWYERS ជាក្រុមឯករាជ្យធ្វើឯកសារពីជម្លោះនៅស៊ូដង់រាយការណ៍ថា មនុស្សយ៉ាងតិច៦៧នាក់បានត្រូវស្លាប់ ក្នុងការវាយប្រហារ២ប្រើដ្រូន កាលពីថ្ងៃទី២៩ និង៣០ឧសភា ក្នុងតំបន់KORDOFAN ជារណសិរ្សមួយក្នុងចំណោមរណសិរ្សដ៏សាហាវបំផុតនៃសង្គ្រាមស៊ីវិលនៅស៊ូ
ដង់។

កាលពីថ្ងៃទី៣០ ឧសភា មនុស្ស១០នាក់ ក្នុងនោះមានកុមារ៨នាក់ និងនារី២នាក់ បានស្លាប់ក្នុងការវាយប្រហារដោយដ្រូនដែលត្រូវបាញ់ធ្លាក់លើភូមិកាដាមក្នុងរដ្ឋKORDOFANខាងលិចរបស់ស៊ូដង់។ តាមអង្គការខាងលើនោះថា ជនរងគ្រោះទាំងនេះសុទ្ធតែជាអ្នកកំពុងរត់ភៀសខ្លួន ពីតំបន់KORDOFANខាងត្បូង ទៅរកកន្លែងមានសន្តិសុខ។ បែបនេះជាការបង្ហាញនូវការរីករាយដាលកាន់តែខ្លាំងនៃសង្គ្រាមស៊ីវិលនៅស៊ូដង់ ។ តាមការវាយតម្លៃថា មនុស្សដល់ទៅជាង១១លាននាក់ បានរត់ភៀសខ្លួនក្នុងប្រទេសដែលហែកហួដោយសង្គ្រាមនេះអស់ពេលជាង៣ឆ្នាំមកហើយ។ នោះជាសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប៉ារ៉ាដើម្បីដណ្ដើមអំណាចគ្នា។

អង្គការនោះមិនបានបញ្ជាក់ឡើយថាតើកងកម្លាំងណាជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាសម្លាប់ជនស្លូតត្រង់ទាំងនោះ។ ការវាយប្រហារទាំងនេះធ្វើឡើងក្នុងតំបន់ស៊ីវិលមួយ ដែលពុំមានប្រតិបត្តិការយោធាឡើយ។ ម្យ៉ាងវិញទៀតកាលពីថ្ងៃទី២៩ឧសភា ក្នុងរដ្ឋKORDOFANខាងជើង ប្រមុខកុលសម្ព័ន្ធម្នាក់រៀបរាប់ពីការវាយប្រហារដោយដ្រូនមួយ បណ្ដាលឲ្យមនុស្សស្លាប់ដល់៥៧នាក់ ក្នុងភូមិអាល់មូរ៉ាដែលការវាយប្រហារនោះជាស្នាដៃរបស់កងកម្លាំងប៉ារ៉ា។

តំបន់នោះ បច្ចុប្បន្នជាកន្លែងប្រទែងប្រទង់គ្នារវាងកងទ័ពស៊ូដង់និងកងកម្លាំងប៉ារ៉ា។ ក្នុងសង្គ្រាមនេះជនស៊ីវិលដល់ទៅយ៉ាងតិច៨៨០នាក់ស្លាប់ចាប់តាំងពីខែមករាមក។ ដ្រូនបានក្លាយជាអាវុធកាន់តែសំខាន់ដែលអាចឲ្យគូជម្លោះទាំង២ វាយប្រហារបានក្នុងទូទាំងប្រទេស ដោយមិនបាច់បញ្ជូនទ័ពទៅ ៕
ចែករំលែកព័តមាននេះ