ប្រយ័ត្ន ! កម្ពុជារងឥទ្ធិពលព្យុះទី៦ចាងមី ធ្វើឱ្យមានភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១ ដល់៣មិថុនា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់៣ ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាបានរងឥទ្ធិពលព្យុះទី៦ មានឈ្មោះថា ចាងមី ធ្វើឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៦ ឈ្មោះ ចាងមី(Jangmi) T2606ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែកបក់លើឈូងសមុទ្រ បេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះ ចាងមីនេះទេ ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាតដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី១៥%។

នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរ តី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

ចំណែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕



ចែករំលែកព័តមាននេះ