ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​វេណេ​ហ្ស៊ូ​អេឡា៖ ស្លា.ប់​កើន​ដល់​១៦៤​នាក់​, អាជ្ញា​ធរ​ខិត​ខំ​​ជួយ​អ្នក​កប់​​ក្នុង​គំនរ​បាក់​បែក

1 ម៉ោង មុន

ទី​ក្រុង​ការ៉ា​កាស់​៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​​២​ដង​នៅ​ប្រទេស​វេណេ​ហ្ស៊ូអេឡា​កាល​ពី​យប់​មិញ​ (ម្ដង​មាន​កម្រិត​៧,៥​រ៉ិច​ទ័រ និង​ម្ដង​ទៀត​មាន​កម្រិត​៧,២រ៉ិច​ទ័រ) កើន​ឡើង​ដល់​១៦៤​នាក់ ។ ចំណែក​អ្នក​របួស​កើន​ឡើង​ដល់​៩៧១​នាក់​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​ប្រធានា​ធិបតី​ស្ដី​ទី​​​វេណេ​ហ្ស៊ូ​អេឡា ​លោក​ស្រី​ឌែល​ស៊ី រ៉ូឌ្រី​ហ្គេស (Delcy Rodríguez)​។ លោក​​ស្រី​ថ្លែង​បន្ត​ទៀត​ថា​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​កំពុង​​ធ្វើ​ដំណើរ​ជា​ប្រញាប់​ទៅ​​កាន់​តំបន់​​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដើម្បី​ជួយ​ទាញ​យក​មនុស្ស​ដែល​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​។

​គ្រោះ​រញ្ជួយ​ដី​ដែល​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ពុធ​នោះ​ជា​ករណី​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​សត​វត្ស​ចុង​ក្រោយ​។ ប្រទេស​នានា​នៅ​ទូទាំង​តំបន់​អាមេរិក​ខាង​ត្បូង​សុទ្ធ​តែ​ទទួល​រង​ការ​រញ្ជួយ​តិច​ៗ​គ្រប់​ៗ​គ្នា​។ ព្រលាន​យន្ត​ហោះ​ធំ​ជាង​គេ​របស់​ប្រទេស​វេណេ​ហ្ស៊ូអេ​ឡា​បាន​រង​ការ​ខូច​ខាត​ ហើយ​ត្រូវ​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន​។ អ្នក​រស់​នៅ​ក្នុង​អគារ​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ទៅ​ខាង​ក្រៅ, ទៅ​សម្រាក​តាម​ចិញ្ចើម​ផ្លូវ​ ឬ​កន្លែង​សម​គួរ​ណា​មួយ​។ អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​អគារ​មាន​រហូត​ដល់​តំបន់​ព្រៃ​អាម៉ា​ហ្សូន​នៃ​ប្រទេស​ប្រេ​ស៊ីល​ដែល​ស្ថិត​នៅចម្ងាយ​១៧០០​គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ធានី​ការ៉ាកាស់​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​នៅ​ថ្ងៃ​នេះ គេ​ឃើញ​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ដ៏​មាន​ថាម​ពល​ខ្លាំង​ក្លា​ដើម្បី​រើ​កកាយ​គំនរ​បេតុង​។ គេ​ឃើញ​ប្រជា​ជន​វេណេ​ហ្ស៊ូ​អេឡា​ដែល​មាន​អារម្មណ៍​ភិត​ភ័យ​នៅ​ទី​ក្រុង​ការ៉ា​កាស់​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​អគារ​ដើម្បី​សម្រាក​នៅ​តាម​ផ្លូវ​។ អ្នកខ្លះ​ខិត​ខំ​ស្វែង​រក​សាច់​ញាតិ​ដែល​បាត់​ខ្លួន​។ នៅ​ក្នុង​ឈុត​មួយ​ដែល​គេ​ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍ គេ​ឃើញ​កុមារ​បី​នាក់​មាន​ធូលី​ហ៊ុម​ព័ទ្ធ​យ៉ាង​ជុំ​ជិត​។ ប៉ុន្តែ​សំណាង​ល្អ ពួក​គេ​នៅ​មាន​ជីវិត​រស់​នៅ​នៅ​ឡើយ​ទេ​។ ពួក​គេ​ត្រូវ​ក្រុម​ជួយ​សង្គ្រោះ​ទាញ​ចេញ​ពី​គំនរ​បាក់​បែក​នៅ​រដ្ឋ​ឡា​ក្វា​អ៊ីរ៉ា (La Guaira) ដែល​លោក​ស្រី​រ៉ូឌ្រី​ហ្គេស​ចាត់​ទុក​ថា​ជា «​តំបន់​មហន្ត​រាយ»​ និង​ជា​តំបន់​ដែល​រង​ការ​វាយ​ប្រហា​រដ៏ខ្លាំង​ក្លា​បំផុត។ នៅ​ទី​នេះ ​​អគារ​​​បាក់​រលំ​​ច្រើន​ណាស់​។

លោក​ស្រី​ថ្លែង​ថា​អាជ្ញា​ធរ​កៀរ​គរ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ទូទាំង​ប្រទេស​​ទៅ​រដ្ឋ​​ឡា​ក្វា​អ៊ីរ៉ា​​​។ ពួក​គេ​​​​កំពុង​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ទាន់​ពេល​មេឃ​នៅ​ភ្លឺ​ដើម្បី​ពន្លឿន​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​គេ​ជឿ​ជាក់​ថា​ជាប់​ផុង​នៅ​ក្នុង​គំនរ​បាក់​បែក​។ លោក​ស្រីថ្លែង​ថា​អគារ​រាប់​សិប​ខ្នង​បាន​បាក់​រលំ, យើង​កំពុង​ខិតខំ​ជួយ​សង្គ្រោះ​អ្នក​ដែល​អាច​រស់​រាន​មាន​ជីវិត​​។ តាម​រយៈ​វីឌីអូ​ដែល​គេ​ចែក​រំលែក​ត​គ្នា​តាម​អន​ឡាញ គេ​ឃើញ​មនុស្ស​រាប់​សិប​នាក់​​​សម្រាក​ព្យាបាល​មុខ​របួស​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៃ​រដ្ឋ​ឡា​ក្វា​អ៊ីរ៉ា​។ អ្នក​ខ្លះ​ដេក​​ផ្ទាល់​នឹង​ដី និងអ្នក​​ខ្លះ​ទៀត​ដេក​នៅ​លើ​គ្រែ​ពេទ្យ​៕ ប្រភព៖ ​AP