ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជនសង្ស័យ​ប្រើប្រាស់​ឧបករណ៍​ឆ.ក់​ត្រី​ស៊េរី​ថ្មី​ និង​អាវុ.ធ​កែ​ច្នៃ រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​កម្លាំង​ជំនាញ​ឆ្មក់​ចូល​បង្ក្រា.ប​ក្នុង​តំបន់​រ៉ា​ម​សារ

17 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ជលផល និង​ការ​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​តំបន់ដីសើម នៅ​តែ​បន្ត​កើត​មាន ក្នុង​ខណៈ​ដែល​អាជ្ញាធរ​ជំនាញ​កំពុង​បង្កើន​កម្តៅ​ក្នុង​ការ​ដេញ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​។

ជាក់ស្តែង កាលពី​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ នេះ មុខសញ្ញា​សង្ស័យ​ចំនួន ២​នាក់ បាន​ដោះដៃ​រត់គេច​ខ្លួន​ទាំង​ប្រថុយ​ប្រថា​ន បន្ទាប់​ពី​កម្លាំង​ចម្រុះ​បាន​ឆ្មក់​ចូល​ទីតាំង​ជំរុំ​លាក់ខ្លួន​ខុសច្បាប់​មួយ​កន្លែង​។

ប្រតិបត្តិការ​ចុះ​ល្បាត​នេះ​ដឹកនាំ​ដោយ​លោក ផេង នី​តា ប្រធាន​ស្នាក់​ការ​រង​កោះ​ឫស្សី ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​កម្លាំង​សហគមន៍​នេសាទ​មក​ពី​កោះ​ព្នៅ កោះ​ឈើទាល​តូច និង​អូរ​ស្វាយ​។ ក្រុមការងារ​ចល័ត​ល្បាត​ចាប់ពី​ស្នាក់​ការ​តំបន់​រ៉ា​ម​សារ រហូត​ដល់​ចំណុច​កោះ​តា​ថៅ (​និយាម​កា 603948-1537007) ដែល​ស្ថិត​ក្នុងភូមិ​កោះ​ឈើទាល​តូច ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

ជា​លទ្ធផល នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ ក្រុម​ជនសង្ស័យ​បានដឹង​ខ្លួន​មុន និង​បាន​បើកទូក​រត់គេច​ខ្លួន​ចេញពី​ជំរុំ​រក​ត្រី​បាត់​ស្រមោល​។ ទោះជា​យ៉ាងណា កម្លាំង​បង្ក្រាប​បាន​ដកហូត​វត្ថុ​តាង​ខុសច្បាប់ និង​គ្រោះថ្នាក់​មួយ​ចំនួន​ធំ រួម​មាន​៖​ឧបករណ៍​ឆក់​ត្រី​សេរី​ថ្មី ចំនួន ២​គ្រឿង (​ឧ​បករណ៍​ឆក់​ក្តៅ ១​គ្រឿង និង​ឆក់​ត្រជាក់ ១​គ្រឿង​) ព្រមទាំង​កន្ត្រង់​ដងត្រី អា​គុយ ៤០​អំពែ ចំនួន ១​គ្រឿង និង​ផ្ទាំង​សូ​ឡា (​ទំហំ ៦០​គុណ​១០០) ចំនួន ១​គ្រឿង ទូកស្មាច់​ក្បាល​ស្រួច ពណ៌​ត្រួយ​ចេក ១​គ្រឿង បំពាក់ ម៉ាស៊ី​ន​ម៉ាក​ហ៊ី​ណូ​តា (Hinota) ចំនួន ២​គ្រឿង (​កម្លាំង ៧​សេះ ១​គ្រឿង និង ២៥​សេះ ១​គ្រឿង​)​អាវុធ (​កាំភ្លើង​កែ​ច្នៃ​) ចំនួន ២​ដើម​។

យោង​តាម​ការ​បកស្រាយ​របស់​ជំនាញ​ថា​៖ ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​សេរី​ថ្មី​(​ទាំង​ប្រភេទ​ក្តៅ​និង​ត្រជាក់​) មិន​ត្រឹមតែ​បំផ្លាញ​ជីវៈចម្រុះ និង​ពូជ​ត្រី​កម្រ​ៗ​ក្នុង​តំបន់​ការពារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បំផ្លាញ​ខ្សែ​ចង្វាក់​អាហារ និង​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៃ​តំបន់​ដីសើម​រ៉ា​ម​សារ​ទាំងមូល​ផង​ដែរ​។ លើស​ពី​នេះ ការ​រក​ឃើញ​អាវុធ​កែ​ច្នៃ​នៅ​ក្នុង​ជំរុំ​ខុសច្បាប់​នេះ បង្ហាញ​ពី​ហានិភ័យ​ខ្ពស់​ផ្នែក​សន្តិសុខ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហ​គមន៍​ដែល​ខិតខំ​ការពារ​ធនធាន​ជលផល​។

បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រមូល និង​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ស្នាក់​ការ​តំបន់​រ៉ា​ម​សារ​។ អាជ្ញាធរ​ជំនាញ​បាន​អះអាង​ថា ទោះបីជា​ជនសង្ស័យ​ទាំង ២​នាក់ បាន​រត់គេច​ខ្លួន​ក្នុង​ពេល​យប់​ងងឹត​ក៏​ដោយ ក៏​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​កំណត់​អត្តសញ្ញាណ និង​នាំ​ខ្លួន​ជនល្មើស​មក​អនុវត្ត​ទណ្ឌកម្ម​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ​មិន​មានការ​លើកលែង​ឡើយ ដើម្បី​ពង្រឹង​ច្បាប​តំបន់​ការពារ​ធម្មជាតិ និង​ធានា​សុវត្ថិភាព​សង្គម​៕