ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៩​​រុិច​ទ័រ​កើត​ឡើ​ងនៅ​ជប៉ុន​ ប៉ុន្តែ​​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ទេ

3 ម៉ោង មុន

ទី​ក្រុង​តូក្យូ​៖ គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​វាយ​ប្រហារ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​ក្រុមភូមិ​សាស្ត្រ​ប្រមើល​ឃើញ​ថា​មិន​បង្ក​ជា​រលក​យក្ស​ស៊ូណាមី​ទេ​។ គ្រោះ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៧,២​រ៉ិច​ទ័រ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​អ៊ីវ៉ាតេ (Iwate) ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន​។ កាល​ពី​មុន​នេះ ក្រុម​ឧតុ​និយម​វាយ​តម្លៃ​ថា​គ្រោះ​រញ្ជួយ​ដី​មាន​កម្រិត​៦,៩​រ៉ិច​ទ័រ ក្រោយ​មកធ្វើ​បច្បុបន្ន​កម្ម​ទៅ​៧,២​រ៉ិច​ទ័រ​។ គ្រោះ​រញ្ជួយ​ដី​នេះ​មាន​ចំណុច​ចាប់ផ្ដើម​ពី​សម្បក​ផែន​ដី​ជម្រៅ​៥០​គីឡូ​ម៉ែត្រ​ចុះ​ទៅ​ក្រោម​។ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​​ក្រុម​ភូគព្ភ​សាស្ត្រ​អាមេរិក​​ដែល​​វាស់​ឃើញ​ថា​ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៦,៩​រ៉ិច​ទ័រ​ផង​ដែរ​។

គ្រោះ​រញ្ជួយ​ដី​​លើក​នេះ​​កើត​ឡើង​នៅ​លើ​ទី​តាំង​ដែល​ធ្លាប់​មានករណី​នេះកើត​ឡើង​​ជា​ញឹក​ញាប់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​។ ក្នុង​នោះ​មាន​ករណី​រញ្ជួយ​ដី​ធំ​គួរ​សម​១​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥ ​ធ្វើ​ឱ្យ​អាជ្ញា​ធរ​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ចំពោះ​ហេតុ​ការណ៍​នេះ​ដែល​អាច​បន្ត​កើត​មាន​រយៈ​ពេល​១​​សប្ដាហ៍​។ គ្រោះ​រញ្ជួយ​ដី​ដែល​វាយ​ប្រហារ​ប្រទេស​ជប៉ុន​ភាគ​ខាង​ជើង​កាល​ពី​ព្រឹក​មិញ​ក៏​រញ្ជួយ​ដល់​ទី​ក្រុង​តូក្យូ​ផង​ដែរ​។ ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយ​ការណ៍​ថា​មាន​ករណី​រង​របួស​ ឬ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​។

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រីសាណាអិ តាកា​អ៊ីឈិ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​ក្រុម​ដោះ​ស្រាយ​បញ្ហា​លំបាក​នៅក្នុង​គ្រា​អាសន្ន​របស់​រដ្ឋាភិបាល​លោក​ស្រី​ផ្ដោត​សំខាន់​លើ​ការ​ថែ​រក្សា​អាយុ​ជីវិត​របស់​មនុស្ស​ឱ្យ​នៅ​គង់​វង្ស​។ ​ក្រុម​ការ​ងារ​ក៏​កំពុង​​​វាយ​តម្លៃ​ព័ត៌​មាន​ដែល​ទទួល​បាន និង​ត្រៀមដាក់​ចេញ​ប្រតិ​បត្តិ​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​គ្រា​លំបាក​ប្រសិន​បើ​មាន​ការ​តម្រូវ​ឱ្យ​ធ្វើ​ដូច្នេះ​។ លោក​ស្រីបា​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ដែល​រស់​នៅ​លើ​ទី​តាំង​រង​គ្រោះ​រក្សា​អារម្មណ៍​ឱ្យ​​នឹង​ន​ប្រសិន​បើ​មាន​ការ​រញ្ជួយ​ដី​កម្រិត​តូច​ៗ (aftershock) កើត​ឡើង​ជា​ខាង​ក្រោយ​ទៀត។

នាយក​សាលា​បឋម​សិក្សា​ប្រចាំ​ទី​ក្រុង​ហាស៊ី​កាមី (Hashikami) នៃ​ខេត្ត​អា​អូ​ម៉ូរី (Aomori) ថ្លែង​ប្រាប់​ទូរ​ទស្សន៍​អឹន​អេច​ខេថា​ (NHK) លោក​ស្រី​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់​តែ​​ស្ដាប់​ឮ​សំឡេង​ប្រកាស​អាសន្ន​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​រញ្ជួយ​ដី​​។ កូន​សិស្ស​នៅ​ក្នុង​សាលា​រៀន​របស់​លោក​ស្រី​មាន​សុវត្ថិ​ភាព​គ្រប់​ៗ​គ្នា​។ ប៉ុន្តែ​សិស្ស​ខ្លះ​ស្រែក​យំ​កង​រំពង​ដោយ​សេចក្ដី​ភ័យ​ខ្លាច​។ សិស្ស​ទាំង​អស់​​ត្រូវ​ផ្អាក​រៀន​សូត្រ​សិន​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​។ លោក​ស្រី​បញ្ជាក់​ថាពួក​គេ​​​ទាំង​អស់​វិល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិ​ភាព​៕ ប្រភព៖ AP​