ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ខ្នាត​អន្តរជាតិ​អ៊ី​ស្រា​អែ​ល ពិភាក្សា​ពង្រឹង​កិច្ចសហការ​បណ្តុះបណ្តាល​ជំនាញ​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ការងារ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក យ៉ា​រ៉ុ​ន តា​មៀរ (Yaron Tamir) នាយក​ប្រតិបត្តិ ​នៃ​មជ្ឈមណ្ឌល អា​ក្រូ​ស្តា​ឌី (Agrostudies)​នៃ​រដ្ឋ​អ៊ី​ស្រា​អែ​ល ដើម្បី​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​ស្វែងរក​ឱកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្តុះបណ្តាល​សិស្ស​កម្មសិក្សា​លើ​ជំនាញ​សំខាន់​ៗ ​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក យ៉ា​រ៉ុ​ន តា​មៀរ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​របស់ អា​ក្រូ​ស្តា​ឌី ជាមួយ​គ្រឹះស្ថាន​អប់រំ​នានា​នៅ​កម្ពុជា ដែល​រួម​ទាំង​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ផង​ដែរ ​។

ឯកឧត្តម ​បាន​លើក​ឡើង​ថា វិទ្យាស្ថាន TVET នៅ​កម្ពុជា​ផ្តល់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ជា​ច្រើន ដែល​រួម​មាន​ទាំង​ជំនាញ​កសិកម្ម ការ​កែ​ច្នៃ​កសិផល ការ​កែ​ច្នៃ​អាហារ បដិសណ្ឋារកិច្ច ឧស្សាហកម្ម​ផលិតកម្ម និង​វិស័យ​សំណង់ មេកា​ត្រូ​និក មេកា​និក និង​អគ្គិសនី​ជាដើម​។ ជំនាញ​ទាំងនេះ ពិតជា​មាន​តម្រូវការ​ខ្ពស់​ ដែល​និយោជក​អ៊ី​ស្រា​អែ​ល​ កំពុង​ត្រូវការ ខណៈ​ដែល​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ភ្ជាប់​ការ​បណ្តុះបណ្តាល​កម្មវិធី TVET ឱ្យ​ស្រប​នឹង​តម្រូវការ​ជាក់ស្តែង​ នៃ​ទីផ្សារ​ការងារ​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​លោក យ៉ា​រ៉ុ​ន តា​មៀរ ពី​រចនាសម្ព័ន្ធ និង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មិន​ត្រឹមតែ​ទទួល​បន្ទុក​លើ​ការ​បញ្ជូន​ពលករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បន្ទុក​លើ​ការ​អភិវឌ្ឍ​ជំនាញ​លើ​វិស័យ​ជា​ច្រើន​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​ការងារ​របស់​ក្រសួង គោលនយោបាយ​សំខាន់​ៗ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ជូន​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​វិ​វត្ត​។

ជា​ការ​ឆ្លើយ​តប លោក យ៉ា​រ៉ុ​ន តា​មៀរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា និង​ស្មារតី​ស្ថាបនា ដោយ​លោក​គូសបញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​គោលដៅ​មួយ​ដ៏​មាន​សារៈសំខាន់​ដែល អា​ក្រូ​ស្តា​ឌី ផ្តោត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​កិច្ចសហការ​នេះ​។ ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ច​ពិភាក្សា​គ្នា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​នា​ពេល​អនាគត សម្រាប់​ជា​ផលប្រយោជន៍ និង​សេចក្តី​ប្រាថ្នា​រួម​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ការងារ​។

សូម​បញ្ជាក់​ថា អា​ក្រូ​ស្តា​ឌី ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អន្តរជាតិ​ឈានមុខ​មួយ ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ កសិកម្ម​ជា​ពិសេស ដើម្បី​គាំទ្រ​ដល់​និស្សិត​ហាត់​ការ​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​។ ជាមួយនឹង​បទ​ពិសោធ​ប្រតិបត្តិការ​ជិត ២០​ឆ្នាំ​មកនេះ ចំណុច​ស្នូល​នៃ​កម្មវិធី​សិក្សា​របស់​ខ្លួន គឺ​ប្រើប្រាស់​គោលការណ៍ «​រៀន​តាម​រយៈ​ការ​អនុវត្ត​ជាក់ស្តែង​» (Learning by Doing) ដែល​រួម​បញ្ចូល​គ្នា​យ៉ាង​រលូន​រវាង​ចំណេះដឹង​ទ្រឹស្តី និង​ការ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​។ រហូត​មក​ដល់​ពេល​នេះ មជ្ឈមណ្ឌល​បាន​បណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការ​សិក្សា​ជោគជ័យ​ជាង ២​ម៉ឺន​នាក់ ហើយ​កំពុង​តែ​បន្ត​បណ្តុះបណ្តាល​និស្សិត​ហាត់​ការ​ជា​ច្រើន​មក​ពី ១៤ ប្រទេស​៕