ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស៊ូ​ណា​មិ​ទុរេន​» ជា​ពាក្យ​កំពុង​ល្បី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចំ​ពេល​តម្លៃ​ដាំ​ក្បាល​ចុះ​ខ្លាំង

1 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ​«​ស៊ូ​ណា​មិ​ទុរេន​» កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយសារ​តែ​ការ​ប្រមូល​ផល​បាន​យ៉ាងច្រើន​លើសលប់ និង​ផ្លែ​ទុរេន​សល់​ច្រើន​ជាប់​គាំង​មិន​អាច​នាំ​ចេញ​បាន​។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ផ្លែ​ទុរេន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក ជំរុញ​ឱ្យ​ប្រជាជន​ម៉ា​ឡេ​ស៊ី​សម្រុក​ទៅ​ទិញ​នៅ​តាម​ស្តង់​លក់​យ៉ាងច្រើន​កុះករ​។ នេះ​បើ​តាម​ប្រភព​ពី AFP បាន​ចេញផ្សាយ​។

កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ប្រជាជន​ចូល​ចិត្ត​ទទួលទាន​ទុរេន​បាន​ប្រមូលផ្តុំ​គ្នា​ណែនណាន់តាន់តាប់​នៅ​ក្នុង​បណ្តា​អាហារ​ដ្ឋា​ន និង​ស្តង់​លក់ដូរ​តាម​ដងផ្លូវ​ជុំវិញ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ទិញ​ទុរេន​តម្លៃ​ថោក​មិន​ធ្លាប់​មាន​នេះ​។ តម្លៃ​ទុរេន​ពូជ​លេខ ១ មួយ​ចំនួន​បាន​ធ្លាក់​ថ្លៃ​ដល់ ៩០%​។ តួយ៉ាង ពូជ​ទុរេន​ម៉ូ​សាំង​ឃី​ង (Musang King) ដែល​ជា​ពូជ​ល្បី​ជាងគេ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ឥឡូវនេះ​មាន​តម្លៃ​ត្រឹមតែ ៩ រីង​ហ្គី​ត ឬ ២,២ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ​។ ទុរេន​ម៉ូ​សាំង​ឃី​ង ជា​ពូជ​គេ​និយម​ទទួលទាន​នៅ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ជា​ចម្បង គឺ​ប្រទេស​ចិន​។

បច្ចុប្បន្ន ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​កាល​ប្រមូល​ផល​ខ្ពស់​បំផុត ដោយ​ប្រមូល​ផល​បាន​ច្រើន​ជាង​៥៥​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​។ របាយការណ៍​បានឱ្យ​ដឹង​ថា ទុរេន​ម៉ូ​សាំង​ឃី​ង​បាន​ធ្លាក់​ថ្លៃ​ពី ៩០ រីង​ហ្គី​ត ឬ ២២ ដុល្លារ មក​នៅ​សល់​ត្រឹមតែ ៩ រីង​ហ្គី​ត​ក្នុង​១​គីឡូក្រាម រីឯ​ពូជ​ល្បី​ៗ​ផ្សេង​ទៀត ដូច​ជា ម្ជុល​ខ្មៅ ឬ Black Thorn ក៏​ធ្លាក់​ថ្លៃ​ដូច​គ្នា​ដែរ​។ ចំណែកឯ​ពូជ​ដែល​ថោក​ជាង​នេះ ត្រូវ​បាន​លក់​បោះ​ដុំ​នៅ​ក្នុង​តម្លៃ ១០០ រីង​ហ្គី​ត ឬ ២៤ ដុល្លារ សម្រាប់​១​កន្ត្រក​ដែល​មាន ៧ ផ្លែ​។

លោក Faisal Iswardi Ismail អនុប្រធាន​អាជ្ញាធរ​ទីផ្សារ​កសិកម្ម​សហព័ន្ធ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​យើង​បានដឹង​ថា ឆ្នាំ​នេះ នឹង​មាន​ស៊ូ​ណា​មិ​ទុរេន​ម៉ូ​សាំង​ឃី​ង ហើយ​វា​កំពុង​តែ​កើតឡើង​ពិតប្រាកដ​មែន​។ យើង​សង្ឃឹមថា តម្លៃនឹង​អាច​ងើបឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​»​។

អ្នកគ្រប់គ្រង​ហាង​លក់​ទុរេន​មួយ​កន្លែង នៅ​ទីក្រុង​ប៉េ​តា​លីង ចា​យ៉ា (Petaling Jaya) រដ្ឋ​សេ​ឡាំង​ហ្គ័​រ (Selangor) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​ទុរេន​បាន​ក្លាយជា​ផ្លែ​ឈើ​ដែល​ប្រជាជន​ទូទៅ​អាច​មាន​លទ្ធភាព​ទិញ​ញ៉ាំ​បាន ដោយ​មាន​តម្លៃ​ដូច​ទៅ​នឹង​ទុរេន​លក់​តាម​ភូមិ កាលពីមុន​អ​ញ្ចឹ​ង​។ ទុរេន​ឆ្នាំ​នេះ បាន​ក្លាយជា​ទុរេន​ថោក​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​។ ដូច្នេះ​ម​អាជីវករ​មានការ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នេះ ដោយសារ​ប្រាក់​ចំណេញ​មិនសូវ​ល្អ​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​លក់ ហើយ​អាជីវកម្ម​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​»៕