កសិករដាំដំណាំម្នាស់នៅស្រុកមោងប្ញស្សីពង្រីកផ្ទៃដីកាន់តែធំ ទោះបីទីផ្សារមួយថ្ងៃកាត់មួយថ្ងៃកោ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បើទោះជាទីផ្សារផ្លែម្នាស់មានតម្លៃមិនច្បាស់លាស់ មួយថ្ងៃកាត់មួយថ្ងៃកោឡើងចុះមិនទៀតទាត់ ប៉ុន្តែកសិករដែលនិយមដាំដំណាំ «ម្នាស់» នៅស្រុកមោងប្ញស្សី ហាក់មិនរាថយឡើយ ហើយរឹតតែប្រឹងប្រែងពង្រីកផ្ទៃដីបន្ថែម ស្ទើរតែពុំឃើញមានកសិករណាម្នាក់បានបោះបង់ ឬដួលរលំដោយសារតែមុខរបរដាំដំណាំម្នាស់នេះនៅឡើយទេ ។ នេះបើតាមការសួរនាំផ្ទាល់ ជាមួយនឹងការអះអាងបន្ថែមរបស់មន្ត្រីកសិករស្រុកនេះផង ។

មុខរបរដាំដំណាំ «ម្នាស់» របស់អ្នកស្រុកមោងប្ញស្សី ស្ទើរតែក្លាយជាប្រពៃណីទៅហើយ ។ ដំបូងឡើយ គេសង្កេតឃើញមានប្រជាកសិករនៅក្នុងឃុំរបស់មង្គលតែមួយប៉ុណ្ណោះ ដែលនិយមដាំដំណាំម្នាស់នេះច្រើនជាងគេ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ មានប្រជាពលរដ្ឋនៅក្នុងឃុំដទៃៗទៀត បាននិងកំពុងចាប់ផ្ដើមប្រកបមុខរបរបន្ទាប់បន្សំនេះដែរ ។ ដូចជា កសិករនៅឃុំមោង និងនៅឃុំគារជាដើម ។ នេះបើតាមការឲ្យដឹងពីមន្ត្រីការិយាល័យកសិកម្មស្រុកមោងប្ញស្សី ។ ប្រធានការិយាល័យកសិកម្ម ស្រុកមោងប្ញស្សី លោក អ៊ួច ភីរម្យ បានថ្លែប្រាប់កោះសន្តិភាពថា សព្វថ្ងៃនេះ លោកកត់សម្គាល់ឃើញថា ប្រជាកសិករនៅក្នុងស្រុកមោងប្ញស្សី មួយចំនួនដែលមានដីទំនេរសេសសល់បន្តិចបន្តួច ហាក់កំពុងចាប់អារម្មណ៍លើដំណាំ«ម្នាស់»នេះ ។

លោកថា ដំបូងមានតែឃុំរបស់មង្គលមួយទេ ដែលសំបូរកសិករដាំដំណាំម្នាស់នេះច្រើនជាងគេ តែពេលនេះប្រជាកសិករនៅតាមបណ្ដាឃុំដទៃទៀត ក៏ចាប់ផ្ដើមដាំដំណាំនេះដែរ បើទោះជាទីផ្សារ «ផ្លែម្នាស់» នេះ ឡើងចុះ លិចអណ្ដែតមិនទៀតងទាត់ក្ដី ។ ប៉ុន្តែយ៉ាងណា បើតាមលោកប្រធានការិយាល័យកសិកម្មដដែលបានបញ្ជាក់ថា នៅក្នុងស្រុកមោងប្ញស្សី មានឃុំរបស់មង្គលទេដែលប្រជាកសិករនៅតែដាំដំណាំនេះច្រើនជាងតាមបណ្ដាឃុំដទៃៗទៀត ។

បើយើងធ្វើដំណើរលើដងផ្លូវកៅស៊ូ ដែលតភ្ជាប់ពីទីរួមស្រុកមោងប្ញស្សីនៃភាគខាងត្បូង ឆ្ពោះទៅកាន់ស្រុករុក្ខគិរី យើងនឹងបានឃើញលំនៅឋានតូចធំរបស់ប្រជាពលរដ្ឋហូរហែអមសងខាងផ្លូវ លាយឡំជាមួយនឹងចម្ការ «ម្នាស់» តូចធំ ចម្រុះពណ៌បែបធម្មជាតិគួរជាទីគយគន់ គឺតំបន់នោះហើយដែលជាទឹកដីដែលល្បីល្បាញនៃដំណាំ«ម្នាស់» របស់អ្នកឃុំរបស់មង្គល ។
ប្រជាពលរដ្ឋរស់នៅទីនោះបាននិយាយថា អ្នកដែលរស់នៅមានភូមិគ្រឹះធំៗ នៅតំបន់នោះ ភាគច្រើនសុទ្ធសឹងតែជាថៅកែ «ចម្ការម្ចាស់» ហើយ។ ថៅកែខ្លះបានដីដំណាំម្នាស់រាប់សិបហិចតាខ្លួនឯង ហើយថែមទាំងជួលដីគេដាំទៀត ព្រោះគេប្រកបមុខរបរដាំម្នាស់នេះ កាក់កបជាងធ្វើស្រែ ដែលចំណាយទុនច្រើនជាងដាំម្នាស់ ។

កម្មករម្នាក់ដែលទើបឡើងពីបាញ់ថ្នាំថែទាំម្នាស់ ដែលមានស្ពាយធុងថ្នាំជាប់ពីក្រោយខ្នងផងបាននិយាយថា «ខ្ញុំជាកម្មករបាញ់ថ្នាំថែទាំដំណាំម្នាស់ ។ ខ្ញុំទើបមកពីចាក់ថ្នាំបញ្ជាឲ្យផ្កាដំណាំម្នាស់ ។ ដំណាំម្នាស់អាចប្រមូលផលវិលជុំ មិនថា រដូវកាលណាទេ ឲ្យតែយើងថែទាំដល់ ។ ជាពិសេស ពេលដល់ខែចាក់ថ្មបញ្ជាផ្កា ឬផ្លែ» ។

មាឌររាងល្អិតបន្តិច ស្ពាយធុងបាញ់ថ្នាំជាប់នឹងខ្នង តែមើលទៅគាត់មានកម្លាំងមាំទាំល្អណាស់ ។ គាត់និយាយថា «ខ្ញុំជាកម្មករស៊ីឈ្មួលបាញ់ថ្នាំ ឬចាក់ថ្មបញ្ជាផ្កា ឬផ្លែម្នាស់ឲ្យថៅកែៗដែលមានដីចម្ការធំៗ» ។ ភ្នែកសម្លឹងចម្ការម្នាស់នៅក្បែរនោះ ហើយលើកដៃចង្អុលបង្ហាញជាមួយនឹងការពិព័រណ៌នាថា «នៅក្នុងឃុំរបស់មង្គលនេះ មានប្រជាពលរដ្ឋដាំដំណាំម្នាស់នេះ ច្រើនជាងឃុំផ្សេងៗទៀត ។ ប៉ុន្តែសព្វថ្ងៃ មានគេដាំច្រើនណាស់ នៅតាមស្រុកដទៃៗទៀត ក៏មានគេដាំច្រើនដែរ» ។ ភ្ជាប់ជាមួយនឹងការបរិយាយពីចំនួនអ្នកនិយមដាំម្នាស់ គាត់ក៏បានលើកដៃចង្អុលចំទៅកាន់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយខ្នង នៅក្បែរនោះរួចប្រាប់ថា «ម្ចាស់ផ្ទះដ៏ធំមួយនេះ គឺជាថៅកែចម្ការម្នាស់ធំជាងគេហើយ នៅក្នុងស្រុកនេះ» ។

កសិករដាំម្នាស់ភាគច្រើនបានលើកឡើងប្រហាក់ប្រហែលគ្នា នៅពេលសាកសួរអំពីតម្លៃទីផ្សារ ។ ពួកគេបានប្រាប់ថា នៅពេលប្រមូលផលផ្លែម្នាស់លក់ គឺផ្អែកលើទំហំផ្លែ តូចឬធំ ហើយមានតម្លៃមិនទៀងទាត់ទេ ខែខ្លះលក់បានថ្លៃគួរសម ហើយខែខ្លះលក់បានថោក ហើយខែខ្លះក៏ចាល់ទីផ្សារដែរ ធ្វើឲ្យម្នាស់សល់ពេញចម្ការ ប៉ុន្តែនៅតែមានដំណោះស្រាយតាមរយៈការលក់ឡៃឡុង ។

ដោយឡែក ពាក់ព័ន្ធនឹងទីផ្សារសម្រាប់នាំចេញវិញ បើតាមប្រជាកសិករបាននិយាយថា ទីផ្សារម្នាស់ធំ គឺដឹកទៅកាន់ «រាជធានីភ្នំពេញ» ទីផ្សារបន្ទាប់បន្សំ នៅតាមក្នុងខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត ដែលឈ្មួញកណ្ដាលអាចនាំចេញទៅបាន។ បើងាកមកនិយាយពីប្រជាកសិករដែលនិយមដាំដំណាំម្នាស់វិញ បើតាមប្រធានការិយាល័យកសិកម្ម ស្រុកមោងប្ញស្សី លោក អ៊ួច ភីរម្យ បានប្រាប់ថា បច្ចុប្បន្ន នៅក្នុងស្រុកមោងឬស្សី មានផ្ទៃដីប្រហែលជាង៧០០ហិចតា ដែលកសិករបាននិងកំពុងដាំដំណាំម្នាស់នេះ ។ ហើយមានកសិករមួយចំនួនក៏បានទៅជួលដីគេ ដើម្បីពង្រីកផ្ទៃដីដាំដំណាំនេះបន្ថែមទៀតដែរ ។

សព្វថ្ងៃនេះ បើតាមលោកដឹង នៅស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ ដែលនៅជាប់ព្រំប្រទល់ស្រុកមោងប្ញស្សីនេះ ក៏មានប្រជាកសិករច្រើនណាស់ដែរ ដែលកំពុងពង្រីកផ្ទៃដីដាំដំណាំម្នាស់នេះយ៉ាងផុសផុល ដូចប្រជាកសិករនៅស្រុកមោងប្ញស្សីដែរ ។ ដូច្នេះ មួយរយៈចុងក្រោយនេះ លោកសម្គាល់ឃើញប្រជាកសិករកាន់តែច្រើន បានចាប់អារម្មណ៍នឹងដំណាំម្នាស់នេះ បើទោះជាទីផ្សារ«ផ្លែម្នាស់»នេះ សព្វថ្ងៃមានតម្លៃឡើងចុះមិនទៀងទាត់ក្ដី ក៏ប្រជាកសិករកាន់តែច្រើនពង្រីកផ្ទៃដីកាន់តែធំ ស្ទើរគ្រប់ទីកន្លែងដាំដំណាំនេះ ៕

ចែករំលែកព័តមាននេះ