ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​តវ៉ា​ជំទាស់​ជា​ផ្លូវការ និង​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​របស់​ថៃ​ដែល​ចុះ​វាស់វែង​ដីធ្លី និង​បោះបង្គោល​ព្រំ

49 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ជំទាស់​ជា​ផ្លូវការ និង​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​របស់​ក្រុមការងារ​វាស់វែង​ដីធ្លី​ថៃ​មួយ​ក្រុម រួម​ជាមួយ​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​២៥​នាក់ និង​ដោយ​មាន​យានយន្ត​៩​គ្រឿង​អមដំណើរ​ផង ដែល​បាន​ចុះ​វាស់វែង​ដីធ្លី និង​បោះបង្គោល​ព្រំ​ដី​នៅ​ចន្លោះ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ តាម​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៤៦ និង​៤៧ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរ​ដ្ឋាភិ​បាល ។

ថ្លែង​ក្នុង​សន្និសីទ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​សកម្មភាព​ខាងលើ​ថា បាន​រំលោភ​បំពាន​យ៉ាង​ច្បាស់​លើ​មាត្រា​៥​នៃ​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០០ (MOU-2000) រវាង​ប្រទេស​ទាំង​ពីរ ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក និង​ផ្ទុយ​ពី​បែបបទ​បច្ចេកទេស​ឆ្នាំ​២០០៣ (TOR 2003) ក៏​ដូច​ជា​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ។

អ្នកនាំពាក្យ​បន្ត​ថា សកម្មភាព​ទាំងនេះ​ក៏​ជា​ការ​បំពាន​លើ​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដើម្បី​បន្តការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ។

កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​របស់​ថៃ​ឡើយ ។ កម្ពុជា​សូម​បញ្ជាក់​ថា សកម្មភាព​ទាំងនេះ មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ ។រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់ និង​ជា​ឯកតោភាគី ហើយ​ត្រូវ​បន្ធូរបន្ថយ​ភាព​តានតឹង និង​លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​រក្សា​សន្តិភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។ កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​ម​ធ្យោ បាយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​ថា បន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​ប្រើ​កម្លាំង​នោះ​ឡើយ​។

សូម​បញ្ជាក់​ជូន​ថា កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០២៦ គណៈកម្មការ JBC ភាគី​កម្ពុជា​ក៏​បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មី​ម្តងទៀត​ដោយ​ស្នើ​ឱ្យ​ភាគី​ថៃ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្តែង​ឱ្យ​បាន​ឆាប់​បំផុត ។ នេះ​ជា​កំណត់​ទូត​ថ្មី​មួយ​ក្នុង​ចំណោម​កំណត់​ទូត​ជា​ច្រើន ដើម្បី​ស្នើ​រៀបចំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ និង​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង ។ ប៉ុន្តែ ភាគី​ថៃ​បាន​ឆ្លើយ​តប​ដោយ​ការ​ស្នើ​លើក​ពេល​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​រង់ចាំ​នីតិវិធី​ផ្ទៃក្នុង ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា ការ​អូស​បន្លាយ​ពេលវេលា​នៃ​ការ​តែងតាំង​ប្រធាន និង​សមាសភាព JBC ថ្មី និង​ការ​មិន
​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្តែង គឺ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ដល់​គណៈ​កម្មការ JBC នៃភាគី​ទាំង​ពីរ​ក្នុង​ការ​បន្ត​ចុះ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​លើ​ដី​ជាក់ស្តែង​ឱ្យ​បាន​ឆាប់​បំផុត ព្រមទាំង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គាត់​វិញ ក្នុង​ពេល​ឆាប់​បំផុត​ដោយ​គ្មាន​ការ​រារាំង ប្រកបដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ៕