សង្គ្រាមអ៊ុយក្រែន ៖ សេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនថ្លែង កាលពីថ្ងៃទី២៤ មិថុនា ថា កងទ័ពខ្លួនបានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិសំខាន់មួយ និងមជ្ឈមណ្ឌលគន្លឹះនៃគមនាគមន៍ផ្កាយរណប២ ក្នុងការវាយប្រហារចុងក្រោយនេះរបស់ខ្លួន នាពេលយប់ប្រឆាំងរុស្ស៊ី ។

ប្រតិបត្តិការនោះ ស្ថិតក្នុងក្របខណ្ឌនៃយុទ្ធនាការតាមអាកាសរបស់អ៊ុយក្រែន ប្រឆាំងបណ្ដាទីតាំងថាមពល និងបណ្ដាឧស្សាហកម្មយោធារុស្ស៊ី ។ យុទ្ធនាការនោះ ត្រូវបានបង្កើនខណៈអ៊ុយក្រែនកំពុងពង្រីកការផលិតអាវុធរយៈឆ្ងាយដែលមានកម្លាំងកាន់តែខ្លាំង និងកាន់តែសុក្រិត ដើម្បីទប់ទល់ការលុកលុយរបស់រុស្ស៊ី ដែលឈានចូលដល់ឆ្នាំទី៥ហើយ ។
ការវាយប្រហារនាពេលយប់របស់អ៊ុយក្រែនសំដៅពិសេស រោងចក្រចម្រាញ់ឧស្ម័ន ORENBOURG ដែលស្ថិតក្នុងប្លុកជាមួយរោងចក្រ HELIUM តែមួយកត់របស់រុស្ស៊ី ។ តាមតេឡេក្រាមសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនបញ្ជាក់ថា ការវាយប្រហារនោះបណ្ដាលឲ្យមានភ្លើងឆាបឆេះក្នុងប្លុកឧស្សាហកម្មនេះ ។ រោងចក្រចម្រាញ់ឧស្ម័ន ORENBOURG ស្ថិតនៅចម្ងាយជាង១២០០គីឡូម៉ែត្រពីខ្សែរណសិរ្សនាភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ។
រោងចក្រនេះ ជារោងចក្រឧស្ម័នដ៏ធំបំផុតមួយក្នុងចំណោមរោងចក្រឧស្ម័នធំៗនៃពិភពលោក។ រោងចក្រនេះ ក៏ផលិតHELIUM ដែលប្រើប្រាស់ជាពិសេសក្នុងម៉ូទ័រកាំជ្រួច និងប្រព័ន្ធតម្រង់គោលដៅ។ ក្នុងប្លុករោងចក្រនេះក៏មានផលិតអេតាន ជាសមាសភាពសំខាន់សម្រាប់ផលិត PROPERGOL រឹង និងរំសេវកាណុង។
ការប្រកាសពីការវាយប្រហារទាំងនេះរបស់អ៊ុយក្រែនមិនបានបញ្ជាក់ថា តើកងទ័ពខ្លួនប្រើបណ្ដាដ្រូនឬមីស៊ីលក្នុងការវាយប្រហារឡើយ តែបណ្ដាដ្រូនត្រូវបានប្រើនាពេលថ្មីៗនេះ ដើម្បីវាយប្រហារលើក្រុងមូស្គូនិងក្រុងសាំងប៉េទ័រស្បួរ ។ ការវាយប្រហារនាពេលយប់ក៏សំដៅផងដែរ លើមជ្ឈមណ្ឌលគមនាគមន៍តាមផ្កាយរណប២ ប្រើប្រាស់ដោយកងទ័ពរុស្ស៊ី ។
ក្នុងចំណោមមជ្ឈមណ្ឌលទាំង២នោះ មជ្ឈមណ្ឌលមួយជាមជ្ឈមណ្ឌលគមនាគមន៍អវកាសDOUBNA ស្ថិតនៅជិតក្រុងមូស្គូ។ នោះជាមជ្ឈមណ្ឌលគមនាកមន៍ផ្កាយរណបនៅលើដីដែលធំជាងគេបំផុតរបស់រុស្ស៊ី ។ មជ្ឈមណ្ឌលគមនាគមន៍ផ្កាយរណបមួយទៀត ស្ថិតនៅតំបន់វ្ល៉ាឌីមៀរខាងកើតក្រុងមូស្គូ។
អ៊ុយក្រែននាពេលថ្មីៗនេះ ផ្ដោតការវាយប្រហារដោយដ្រូន និងមីស៊ីលលើតំបន់គ្រីមេសំដៅធ្វើ់ឲ្យតំបន់នោះដែលរុស្ស៊ី កាន់កាប់ស្ថិតនៅឯកោ ។ អភិបាលតំបន់លោកមីខាអ៊ីលរ៉ាស្វូសហាយេវលើកឡើងថា ការវាយប្រហារនាពេលយប់ថ្ងៃទី២៣ មក២៤មិថុនា បណ្ដាលឲ្យដាច់ភ្លើងនៅក្រុងសេបាស្តូប៉ូលទីប្រជុំជនគ្រីមេ ។ អ៊ុយក្រែនប៉ុនប៉ងធ្វើឲ្យស្ទះដល់ខ្សែផ្គតផ្គង់យោធានៅគ្រីមេ និងវាយប្រហារបណ្ដាញអគ្គិសនីនៃឧបទ្វីបនោះ ក្នុងរដូវកាលទេសចរណ៍។ ក្រុងគៀវសង្ឃឹមថាយុទ្ធនាការនោះ នឹងនាំឲ្យប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីនស្ថិតក្នុងភាពច្របូកច្របល់។
គ្រីមេជាតំបន់យុទ្ធសាស្ត្រមួយនៅសមុទ្រខ្មៅដែលមានបណ្ដាមូលដ្ឋាននាវាចរណ៍រុស្ស៊ី ហើយក៏ជាច្រកផ្គត់ផ្គង់សំខាន់មួយ សម្រាប់កងទ័ពរុស្ស៊ី មានវត្តមាននៅអ៊ុយក្រែនដែរ ។ចំណែកភ្នាក់ងារសន្តិសុខអ៊ុយក្រែនគូសបញ្ជាក់់ កាលពីថ្ងៃទី២៤ មិថុនា ថា បានវាយប្រហារព្រលានយន្តហោះ២កន្លែង និងកម្ទេចបណ្ដាប្រព័ទ្ធមីស៊ីលនៅគ្រីមេ ។ ខាងកងទ័ពរុស្ស៊ីវិញអះអាងថា បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៣២៣គ្រឿងនាពេលយប់។ កងទ័ពអ៊ុយក្រែនក៏ថ្លែងដែរថា រស្ស៊ីបានវាយប្រហារដោយដ្រូនរយៈឆ្ងាយ១០១គ្រឿងនាពេលយប់។
ម្យ៉ាងវិញទៀត អាជ្ញាធរតំបន់រុស្ស៊ីគូសបញ្ជាក់នាថ្ងៃទី២៤ មិថុនា ថា ការវាយប្រហារដោយដ្រូនអ៊ុយក្រែន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៣នាក់ ក្នុងតំបន់បែលហ្គោរ៉ូដនិងនីសនីណូវហ្គោរ៉ូដ ។ មនុស្សម្នាក់ស្លាប់នៅបែលហ្គោរ៉ូដដោយសារការផ្ទុះដ្រូនមួយ ចំណែកនារីម្នាក់រងរបួស។ នៅតំបន់នីសនីណូវហ្គោរ៉ូដចម្ងាយ៤០០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ មនុស្ស២នាក់បានត្រូវស្លាប់និង២នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយដ្រូនអ៊ុយក្រែន ៕

ចែករំលែកព័តមាននេះ