ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៥​ខែ​ឆ្នាំ​២០២៦ តាម​រយៈ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រសួង​​-​​ស្ថាប័ន​ថ្នាក់​ជាតិ​បង្ហាញ​ឱ្យ​ឃើញ​ថា មន្ត្រីរាជការ​ដែល​មក​បំពេញការងារ​មាន​ចំនួន​៩៥%

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​មុខងារសាធារណៈ​បានឱ្យ​ដឹង​ថា រយៈពេល​ជាង​៥​ខែ​ក្នុង​ឆ្នាំ​២០២៦ តាម​រយៈ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ​បង្ហាញ​ឱ្យ​ឃើញ​ថា មន្ត្រីរាជការ​ដែល​មក​បំពេញការងារ​មាន​ចំនួន​៩៥% ។

នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ របស់​ក្រសួង​មុខងារសាធារណៈ ឯកឧត្តម​អគ្គលេខាធិការ សៀត វិចិត្រ បាន​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​វឌ្ឍនភាព​ការងារ​ដែល​ក្រសួង​មុខងារសាធារណៈ និង​មន្ទីរ​មុខងារសាធារណៈ​ទាំងអស់​បាន​អនុវត្ត និង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ជា​ច្រើន​គួរ​ជាទី​មោ​ទ​នៈ ។

ចំណុច​មួយ​គួរ​កត់សម្គាល់​តាម​រយៈ​ការ​ប្រមូល​ទិន្នន័យ សម្រង់​ព័ត៌មាន​ស្តី​ពី​ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន និង​ស្ថានភាព​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​ជាប់កិច្ចសន្យា ដែល​បម្រើ​ការងារ​នៅ​តាម​អង្គភាព​ចំណុះ​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ សម្រាប់​រយៈពេល​ជាង​៥​ខែ ក្នុង​ចំណោម​៣០​ក្រសួង​-​ស្ថាប័ន បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មន្ត្រីរាជការ​ដែល​មក​បំពេញការងារ​មាន​ចំនួន​៩៥% (​ទិន្នន័យ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦)​។

ក្រសួង​បាន​លើក​ឡើង​ថា ទាំងនេះ​ជា​លទ្ធផល​ដ៏​គួរ​ឱ្យ​កោតសរសើរ និង​ស្ញប់ស្ញែង ដែល​បង្ហាញ​ថា គ្រប់​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ​ទាំងអស់ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​កែទម្រង់រដ្ឋបាល​សាធារណៈ ទៅ​លើ​ការ​ពង្រឹង​អភិបាលកិច្ច​ដែល​ជា​ការងារ​អាទិភាព​ក្នុង​ការ​គ្រប់គ្រង​ធនធាន និង​ស្ថាប័ន​របស់​ខ្លួន​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដែល​ជួយ​ដល់​ការ​សម្រេច​ចក្ខុវិស័យ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ របស់​ក្រសួង​មុខងារសាធារណៈ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​សម្រេច​បាន​បញ្ហា​ប្រឈម និង​លើក​ទិស​ដៅ​ការងារ​បន្ត ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នា​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ៕