ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ៖ សម្តេចតេជោ អញ្ជើញទៅដល់ប្រទេសចិនត្រៀមជំនួបកំពូលជាមួយប្រធានាធិបតី ស៊ី ជីនពីង

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ ដែល​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់​បក្ស​កុម្មុយនីស្ត​ចិន​នោះ ។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​ឯកឧត្ដម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា សមាសភាព​គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ក្នុង​ទស្សនកិច្ច​នេះ រួម​មាន​សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​រាជរដ្ឋាភិបាល ។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ី ជី​ន​ពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ពី​គ្នា ជាមួយ​ឯកឧត្តម លី ឈាង នាយក​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន និង ឯកឧត្តម ចាវ ឡី​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន ។

ទន្ទឹម​នេះ សម្តេច​តេ​ជោ ក៏​នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ផង​ដែរ ។ សម្រាប់​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បន្ត​រឹតចំណង និង​លើកកម្ពស់​មិត្តភាព​ដែកថែប ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ជ្រុងជ្រោយ សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត ។

តាម​កម្មវិធី​ដែល​បាន​គ្រោ​ទុក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មាតុភូមិនិវត្តន៍​មក​កាន់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥៕