ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ព្រមាន​ឱ្យ​ប្រជា​ជន​ប្រយ័ត្ន​ប្រយែង​ខ្លួន​នឹង​ការ​ឡើង​កម្ដៅ​ខ្លាំង​ដែល​អាច​ប៉ះ​ពាល់​សុខ​ភាព

12 ម៉ោង មុន

ទី​ក្រុង​ឡុង៖ នៅ​ទូទាំង​តំបន់​អឺរ៉ុប​ខាង​លិច​ឥឡូវ​នេះ​កំពុង​តែ​ឡើង​កម្ដៅ​ខ្លាំង​គិត​ចាប់​ពី​ទីក្រុ​ងឡុង ប្រទេស​អង់​គ្លេស រហូត​ដល់​ទី​ក្រុង​មីឡាន ប្រទេស​អ៊ីតាលី។ ក្ដៅ​លើក​នេះ​គឺក្ដៅ​មិន​ធម្មតា​ទេ ក្ដៅ​ខ្លោច​សាច់​តែ​ម្ដង​ដែល​ធ្វើ​​ឱ្យ​ក្រុម​អ្នក​ឧតុ​និយម​​ព្រមាន​ថា​បើ​បណ្ដោយ​​​បែប​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ​ អាច​ជា​ហានិភ័យ​សម្រាប់​ជីវិត​រស់​នៅ​។ មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​បារាំង​ទទួល​រង​កម្ដៅ​ខ្លាំង​មិន​ធ្លាប់​មាន​ជា​ប្រវត្តិ​សាស្ត្រ​ អង់​គ្លេស​កត់​ត្រា​​កម្ដៅ​ថ្ងៃ​នេះ​ខ្ពស់​មិន​ធ្លាប់​បើ​ប្រៀប​ធៀប​នឹង​ខែ​មិថុនា​កាល​ពី​ពេល​កន្លង​មក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

ក្រុម​អ្នក​ឧតុ​និយម​អង់​គ្លេស​ព្រមាន​ថា​​ហានិភ័យ​ឈាន​ដល់​កម្រិត​ក្រហម​សម្រាប់​សុខ​ភាព​នៅ​ប្រទេស​អង់​គ្លេស​ភាគ​កណ្ដាល​ និង​ភាគ​ខាង​ត្បូង និង​ប្រទេស​វេល​។ សីតុណ្ហភាព​អតិ​បរមា​នៅ​អង់​គ្លេស​អាច​កើន​ឡើង​ដល់​៤០​អង្សា​។ នេះ​ជា​ការ​ព្រមាន​អំពីអាកាស​ធាតុ​កម្រិត​ធ្ងន់​ធ្ងរ​លើក​ទី២​បន្ទាប់​ពី​បញ្ហា​នេះ​ធ្លាប់​កើត​មាន​​ម្ដង​​ហើយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២​។ កាល​នោះ សីតុណ្ហ​ភាព​អតិ​បរមា​កើន​លើស​ពី​៤០​អង្សា​។ ​ថ្វី​ដ្បិត​សីតុណ្ហ​ភាព​​ថ្ងៃ​នេះ​មិន​ដល់​ថ្នាក់​៤០​អង្សា​ ប៉ុន្តែ​ប៉ាន់​មិន​បាន​ ស្មាន​មិន​ត្រូវ ​កម្ដៅ​អាច​នឹង​​ហក់​ឡើង​ដល់​កម្រិត​នេះ​។

មន្ត្រី​ឧតុ​និយម​អង់​គ្លេស​ថ្លែង​ថាពួក​គេ​នឹង​ចេញ​​សេចក្ដី​ប្រកាស​អាសន្ន​​​កម្រិត​ក្រហម​​នៅ​ក្នុង​ករណី​ដែល​កម្ដៅ​ហក់​ឡើង​ខ្ពស់​ និង​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង។ សូម្បី​តែ​អ្នក​ដែល​ស៊ំានឹង​អាកាស​ធាតុ​ក្ដៅ​ស្រាប់​ទៅ​ហើយ​ក៏​​ពិបាក​ទប់​ទល់​នឹង​កម្ដៅ​ដល់​កម្រិត​នេះ​ដែរ​។ ​អាជ្ញា​ធរ​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ខាង​កើត​កំពុង​រិះ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​។ មិន​ថា​បារាំង​ អ៊ីតាលី ឬ​អេស្ប៉ាញ​នោះ​ទេ​សុទ្ធ​តែ​ចេញ​សេច​ក្ដី​ព្រមាន​ធ្ងន់​ៗថា​​អាកាស​ធាតុ​ក្ដៅ​លើក​នេះ​នឹង​ប៉ះ​ពាល់​ជីវិត​រស់​នៅ​របស់​ប្រជា​ជន​រាប់​សិប​លាន​នាក់​។

ប្រទេស​នៅ​អឺរ៉ុប​ទទួល​រង​កម្ដៅ​បំបែក​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។​ មាន​ន័យ​ថា​ក្ដៅ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ​។ អាជ្ញា​ធរ​ក៏​បន្ត​ស្ទុះ​ស្ទា​ដើម្បី​ដោះ​ស្រាយ និង​បន្សាំខ្លួន​ទទួល​យក​ការ​ឡើង​កម្ដៅ​ថ្មី​នេះ​ផង​ដែរ។ ប៉ុន្តែ​អគារ​ កន្លែង​ធ្វើ​ការ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​មិន​ទាន់​សម្រប​ខ្លួន​នឹង​ស្ថាន​ភាព​ថ្មី​នេះ​ទេ​។ ទន្ទឹម​នឹង​នោះ ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ (​ដោយ​​សារ​ស្នា​ដៃ​របស់​មនុស្ស​) ធ្វើ​ឱ្យ​សីតុណ្ហ​​ភាព​​​ឡើង​កម្ដៅ​​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ ទី​ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រមើល​ឃើញ​ថា​នា​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ កម្ដៅ​​នឹង​​ហក់​ឡើង​ខ្លាំង​ជាង​នេះទៅ​​ទៀត៕ ប្រភព៖ AP​