រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន ចំនួន៣នាក់ បានជិះរថយន្តទៅធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង នៅក្នុងបុរីប៉េងហួត ខណៈដែលម្ចាស់ផ្ទះមិននៅជាប់រវល់ទៅដើរលេងនៅខេត្តព្រះសីហនុ។ ពេលនោះ ក្រុមចោររកឃើញទូដែក១ នៅក្នុងបន្ទប់ដេកក្នុងផ្ទះខាងលើ និងបានសែងចេញពីក្នុងបន្ទប់ដេកនោះហើយ ប៉ុន្តែពុំដឹងថា យ៉ាងម៉េចទេ ក៏បានបោះបង់ចោលមិនយកទៅវិញ។ បន្ទាប់មក បានទុកទូដែកនៅលើកាំជណ្ដើរក្នុងផ្ទះនោះ រួចក៏នាំគ្នាដើរចេញក្រៅជិះថយន្តគេចខ្លួនបាត់អស់ លុះ១ថ្ងៃក្រោយមក ក៏ត្រូវបាននគរបាលឃាត់ខ្លួនបានទាំង៣នាក់ តែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤៨នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ២ ផ្លូវលេខM០៦A បុរីប៉េងហួត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់នោះ រួមមាន ៖ ១.ឈ្មោះ ចូវ អ៊ីឆាង អាយុ៥៥ឆ្នាំ, ២.ឈ្មោះ ហ្វេង សាងលាំង អាយុ៥២ឆ្នាំ ៣.ឈ្មោះ យូ សាំងឈីវ អាយុ៥៦ឆ្នាំ អ្នកទាំង៣នាក់នេះ ជាជនជាតិចិន ស្នាក់ផ្ទះលេខ២៦ ផ្លូវលេខ១៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលដកហូត បានវត្ថុតាងមួយចំនួន មានដូចជាដែកដាប់ ២, ញញួរ ១, ទូរសព្ទម៉ាកហូវៃ ១គ្រឿង, ទូរសព្ទម៉ាក IPhone 6 ១គ្រឿង, ទូរសព្ទម៉ាក IPhone17 ១គ្រឿង, លិខិតឆ្លងដែន២សន្លឹក, កាបូប២, ព្រមទាំងសម្ភារមួយចំនួនទៀត ។
សមត្ថកិច្ចបានប្រាប់ថា កាលពីវេលាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ម្ចាស់ផ្ទះ និងក្រុមគ្រួសារបាននាំគ្នាបិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រួចក៏បានចេញទៅលេងខេត្តព្រះសីហនុ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល ទើបត្រលប់មកដល់ផ្ទះវិញ។ ខណៈនោះបានឃើញទ្វារអត់ជាប់គន្លឹះ ហើយអត់ជាប់សោទៀត លុះពេលចូលទៅដល់ក្នុងផ្ទះស្រាប់តែប្រទះឃើញទូដែក ដែលទុកនៅក្នុងបន្ទប់ដេកនៅជាន់ខាងលើ បែរជាមកនៅលើកាំជណ្ដើរទៅវិញ ។
សមត្ថកិច្ច បានប្រាប់បន្តថា ពេលនោះ ម្ចាស់ផ្ទះបានពិនិត្យមើលទូដែកនោះអត់មានស្នាមគាស់នោះទេ នៅស្អាតធម្មតា ហើយជនរងគ្រោះ ក៏បានចាក់សោទូដែកមើលឃើញទ្រព្យសម្បត្តិមានដូចជា ប្រាក់ចំនួន៣,៥០០ដុល្លារ, មាស២តម្លឹង, ក្រវិលពេជ្រ១គូ និងឯកសារមួយចំនួនទៀត អត់មានបាត់បង់នោះទេ។ បន្ទាប់មក ម្ចាស់ផ្ទះក៏បានបើកមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញជនសង្ស័យ២នាក់ ដើរចូលទៅធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់ នៅវេលាម៉ោង៧និង៤៨នាទីយប់ថ្ងៃដដែលនោះ ។
សមត្ថកិច្ចខាងលើ បានប្រាប់បន្ថែមទៀតថា បន្ទាប់មកម្ចាស់ផ្ទះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ហើយនគរបាលប៉ុស្តិ៍ខាងលើ រួមជាមួយនគរបាលខណ្ឌដង្កោ បានឆែកកាមេរ៉ា ក្នុងបុរី មើលឃើញជនសង្ស័យខាងលើបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌១គ្រឿង ទៅធ្វើសកម្មភាពគាស់ផ្ទះខាងលើ ។ បន្ទាប់មក ក៏បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៤ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ នៅចំណុចផ្ទះលេខ២៦ផ្លូវលេខ១៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ ៕







ចែករំលែកព័តមាននេះ