ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិនឈ្ងៀម និងឮសំឡេងផ្ទុះ លុះបុគ្គលិកភ្ញាក់ឡើងមើល ឃើញភ្លើងឆេះ​ផ្ទះ​លក់​សាំង ​និង​ស្តុក​ហ្គា​ស​មួយ​ខ្នង​​ យ៉ាងសន្ធោសន្ធៅ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ដែល​ជា​កន្លែង​លក់​សាំង​និង​ហ្គា​ស ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ ចំនុច​លក់​ហ្គា​ស​និង​សាំង ២៤​ម៉ោង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប្រភព​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ទីតាំង​ខាងលើ បាន​បិទទ្វារ​នៅ​ម៉ោង​១០​យប់ ហើយ​នៅ​ក្នុងផ្ទះ​ដែល​ឆេះ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ដោយ​មាន​បុរស​ម្នាក់​ជា​បុគ្គលិក​ដេកចាំ​នៅ​ទីនោះ ខណៈ​ពេល​កំពុង​តែ​លង់លក់ ដូច​សព្វដង ស្រាប់តែ​នៅ​វេលា​កើតហេតុ​មាន​ធុំក្លិន​ឈ្ងៀម នៅ​ឮសំឡេង​ផ្ទុះ ទើប​ងើប​មក​មើល ដឹង​ថា​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ព​លេ​ដ្ឋ​ជិតខាង ទូរ​សព្ទ័​ទៅ​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់អគ្គីភ័យ​ចេញ​រថយន្ដ​អន្ដរាគមន៍ និង​អ្នកខ្លះ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​បឋម​ផង​ដែរ ។

បន្ទាប់​ពី​កើតហេតុ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង ចុះ​ទៅ​កន្លែង​កើតហេតុ ក្នុង​នោះ​មាន​រថយន្ត​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង រថយន្ត​ជំនួយ​របស់​ក្រុមហ៊ុនស្រា​បៀរ​១​គ្រឿង បាន​សហការ គ្នា​បាញ់​ពន្លត់​ហើយ​ដល់​ម៉ោង ជិត​៣​ភ្លឺ​ទើប​ភ្លើង​រលត់​ទៅ​វិញ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ទីតាំង​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ ជា​កន្លែង​លក់​សាំង​និង​ហ្គា​ស ហើយ​ផ្ទះ​ប្រភេទ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម រង​ការ​ខូចខាត​ស្ទើរ​អស់ទាំង​ស្រុង សមត្ថកិច្ច​ស​ន្ឋិ​ដ្ឋា​ន​បឋម​អគ្គី​ភ័យ​នេះ អាច​មក​ពី​ឆ្លង​ចរន្ដ​អគ្គី​ស​នី​ទើប​បង្ក​ទៅ​ជា​អគ្គី​ភ័យ​បែប​នេះ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​អោយ​មាន​ប្រជាពលរដ្ឋ​រង​របួស​និង មិន​រាលដាល ដល់​ផ្ទះសំបែង​ផ្សេង​ៗ​ទៀត សំណាងល្អ​បំផុត គឺ​មិន​ផ្ទុះ​ស៊ីទែន​ស្កុ​ក​ហ្គា​ស ដែល​នៅ​ជាប់​ផ្ទះ​ដែរ​ឆេះ​នោះ ៕