ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ជំរុញ​ឱ្យ​បង្កើត​យន្តការ​ផ្ទៃក្នុង​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន​ការ​ផ្តល់​សេវា​សុរិយោដី​ជូន​ពលរដ្ឋ​កាន់តែ​រហ័ស

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ពិភាក្សា​លើ​ការ​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ ជា​ពិសេស សេវា​សុរិយោដី ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​នេះ លោក ឃួ​ង ស្រេង បាន ផ្តល់​ជា​យោបល់​ថា គួរ​មាន​យន្តការ​ទំនាក់ទំនង​ផ្ទៃក្នុង រវាង​មន្ត្រី​ផ្តល់​សេវា​ទាំង​ភាគី អគ្គនាយកដ្ឋាន​ពន្ធដារ អង្គភាព ច្រក​ចេញចូល​តែ​មួយ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ដើម្បី​ជំរុញ​នីតិវិធី ផ្តល់​សេវា​ជូន ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ ជូន ប្រជាពលរដ្ឋ ជា​ពិសេស សេវា​សុរិយោដី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ល្អ​ប្រសើរ​ជាង​មុន​ថែម​ទៀត ។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ស្តាប់​របាយការណ៍ របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង សុរិយោដី ស្តី​ពី​វឌ្ឍនភាព នៃ​ការ​ផ្តល់​សេវា​សុរិយោដី រួច​មក ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្ងៃនេះ គឺជា​រឿង​ល្អ​បំផុត ធ្វើ​យ៉ាងណា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាច​បន្ស៊ី​ការងារ របស់​ខ្លួន និង​ពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បាន​កាន់តែ​ល្អ​ប្រសើរ ។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម បានឱ្យ​អគ្គនាយករង ធ្វើ​បទ​បង្ហាញ​ខ្លី ស្តី​ពី​យន្តការ នៃ​ការ​ផ្តល់​សេវា​បង់ពន្ធ​ប្រថាប់ត្រា និង​ការ​បង់ពន្ធ​នានា ដែល អគ្គនាយកដ្ឋាន បាន​និង​កំពុង​អនុវត្ត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ផ្តល់​លទ្ធភាព​ជូន​មន្ត្រី និង​ប្រជាពលរដ្ឋ​អាច មើលឃើញ​ពី​លំហូរ​ចរន្ត​ការ​លិខិត​ស្នាម បាន​ដោយ​ងាយស្រួល ។

អ្នកនាំពាក្យ បាន​បញ្ជាក់​ថា លោក ឃួ​ង ស្រេង បាន​ផ្តល់​យោបល់​ថា គួរ​មាន​យន្តការ​ទំនាក់ទំនង​ផ្ទៃក្នុង​រវាង​មន្ត្រី​ផ្តល់​សេវា​ទាំង ភាគី អគ្គនាយកដ្ឋាន​ពន្ធដារ ទាំង​អង្គភាព​ច្រក​ចេញចូល​តែ​មួយ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ដើម្បី​ជំរុញ​នីតិវិធី ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ហើយ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី ឯកឧត្ដម គង់ វិបុល ផង​ដែរ ។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក ត្រូវ​ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ល្អ​ប្រសើរ ពិសេស​ការ​ផ្ដល់​សេវា​សុរិយោដី និង​ជំរុញ​ផ្សព្វផ្សាយ​បន្ថែម​ពី​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ (Online) នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ​ផង​ដែរ ៕