ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លេខាធិការដ្ឋាន RBC ​កម្ពុជា -​ថៃ ជួប​ប្រជុំ​ក្រៅផ្លូវការ​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នៃ​យោធភូមិ​ភាគ​ទី​៤​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​ថៃ បាន​ជួប​ប្រជុំ​ក្រៅផ្លូវការ នៅ​វេលា​ម៉ោង​១១:០០​នាទី​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៦ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នៃ​យោធភូមិ​ភាគ​ទី​៤​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​ថៃ បាន​ជួប​ប្រជុំ​ក្រៅផ្លូវការ នៅ​វេលា​ម៉ោង​១១​ ស្ថិត​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី និ​ត ណា​រ៉ុ​ង ប្រធាន​ក្រុម​លេខាធិការ (RBC) កម្ពុជា និង​គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី កាំ​ផាក់​ណា​ក វា​ផា​ន់​ស៊ុ ប្រធាន​ក្រុម​លេខាធិការ (RBC) ថៃ​។

ភាគី​កម្ពុជា​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ ចំពោះ​កិច្ចប្រជុំ​សម្របសម្រួល​ប្រតិបត្តិការ​ក្រៅផ្លូវការ​​រវាង​ក្រុម​លេខាធិកា​ដ្ឋា​ន​ទាំង​ពីរ ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​បន្តបន្ទាប់ ដើម្បី​ពិភាក្សា​រិះរក​ដំណោះស្រាយ​បញ្ហា​នានា​ជាមួយ​គ្នា​ដោយ​សន្តិវិធី និង​បាន​ទាន់​ពេលវេលាសំដៅ​បញ្ចៀស​​ការ​យល់​ច្រឡំ​ដោយ​មិន​ចាំបាច់ ព្រមទាំង​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​តាម​បណ្តោយ​​ព្រំដែន​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ ភាគី​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ ការ​ពង្រីក​ភូមិសាស្ត្រ សកម្មភាព​រាយ​បន្លា​លួស នៅ​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា និង​តំបន់​ដែល​មិន​ទាន់​ដាច់ស្រេច ហើយ​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ចាប់ផ្តើម​ការងារ​វាស់វែង​និង​ខ័​ណ្ឌ​សីមា​នៃ​គណៈ​ក​ម្មា​ការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក (JBC) ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

ចំពោះ​ហេតុការណ៍​ការ​បាញ់ និង​ការ​បង្ក​ផ្ទុះ​ ភាគី​កម្ពុជា​ស្នើ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​បំផុត ដើម្បី​កុំឱ្យ​មានការ​យល់​ច្រឡំ និង​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​កុំឱ្យ​កើត​មាន​បន្ត​ទៀត ដើម្បី​ចៀសវាង​ការ​កើនឡើង​នូវ​ភាព​តានតឹង​ដោយ​មិន​ចាំបាច់​ ។

ជាមួយ​គ្នា​នេះ ភាគី​កម្ពុជា​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​ចូលរួម​សហការ​ក្នុង​ការ​អប់រំ និង​រឹត​បណ្តឹង​វិន័យ​ដល់​បណ្តា​កងកម្លាំង​ជួរ​មុខ​របស់​ខ្លួន ក្នុង​គោលបំណង​ទប់ស្កាត់​កុំឱ្យ​មាន​សកម្មភាព​ណាមួយ ដែល​អាច​នាំ​ទៅ​ដល់​ការ​បង្កហេតុ ​ដូច​ជា ការ​បាញ់បោះ ការ​រាយ​លួស​បន្លា និង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ជាដើម​ ។

បន្ថែម​ពីលើ​នេះ ភាគី​កម្ពុជា​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​រួម​គ្នា​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​បំភ្លៃ​ការ​ពិត ជា​ពិសេស ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ដែល​មាន​ចរិតលក្ខណៈ​អុជអាល​ឱ្យ​មានការ​ស្អប់​គ្នា និង​ចងគំនុំ​គ្នា សំដៅ​លើកកម្ពស់​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​ឱ្យ​មាន​បរិយាកាស​អំ​ណោ យ​ផល​ដល់​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​។

ជា​ថ្មី​ម្តងទៀត ភាគី​កម្ពុជា​ក៏​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ ខ្ជាប់ខ្ជួន​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត សំដៅ​ស្វែងរក​ដំណោះស្រាយ ដោយ​សន្តិវិធី យុត្តិធម៌ និង​យូរអង្វែង​ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ៕