ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោសសម្អាតដូចភ្លៀងរលឹម ! សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ ឆ្ម.ក់ឆែកឆេរ៤ទីតាំង រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ២៤ នាក់

1 ម៉ោង មុន

ខេត្ត​ត្បូងឃ្មុំ ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្បូងឃ្មុំ ចុះ​រដ្ឋបាល​ចំហរ​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់ ២៤​នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ។

ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដោយ​មានការ​សម្របសម្រួល​ផ្នែក​ច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​យុទ្ធនាការ​ចុះ​រដ្ឋបាល​ចំហរ​ដូច​ភ្លៀងរលឹម ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​កិច្ច​ប្រតិបត្តិការ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ (​ប្រចាំការ​ខេត្ត​ត្បូងឃ្មុំ​) កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​នៅ​តាម​ផ្ទះ​វីឡា ផ្ទះសំណាក់ និង​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ចំនួន​០៤​ទីតាំង (​មាន​សរុប ៦៩​បន្ទប់​) ។

ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនបរទេស​ចំនួន ២៤​នាក់ (​ក្នុង​នោះ​មាន​ស្រី​០២​នាក់​) ស្នាក់​នៅ​ខុសច្បាប់ រួម​នឹង​សម្ភារ​ពាក់ព័ន្ធ​ផ្សេង​ៗ​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន​ជនបរទេស​ទាំង ២៤​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ។

ជាមួយ​គ្នា​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត កំពុង​បន្ត​យុទ្ធនាការ​ស្រាវជ្រាវ ត្រួតពិនិត្យ និង​ស្វែងរក​ទីតាំង​សង្ស័យ​នានា ដែល​មានការ​លួចលាក់​ប្រព្រឹត្ត​បទល្មើស ឬ​ការ​រស់នៅ​ប្រមូលផ្តុំ​ខុសច្បាប់​នៅ​ទូ​ទាំង ០៧​ក្រុង​-​ស្រុក ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​បន្ត​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​០៣ របស់​រាជរដ្ឋាភិបាល​យ៉ាង​សកម្ម​ផង​ដែរ ៕