ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាតត្រដាងពីឫសគល់ប្រវត្តិសាស្ត្រ និងភាពវិសេសវិសាលគ្មានពីរនៃ«ប្រាសាទភ្នំតាកែវ»ក្នុងតំបន់អង្គរ

1 នាទី មុន

ខេត្តសៀមរាប ៖ ប្រាសាទតាកែវ គឺជា​សមិទ្ធផល​ស្ថាបត្យកម្ម​ដ៏​វិសេសវិសាល​មួយ ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ ។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ ដោយសារ​វា​ជា «​ប្រាសាទភ្នំ​» សាងសង់​ឡើង​អំពី​ថ្មភក់​ដ៏​ធំ​ស្កឹមស្កៃ មាន​កម្ពស់​៥​ថ្នាក់ តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ប៉ុន្តែ​មិន​ទាន់​មានការ​ដាប់​ឆ្លាក់​ក្បូរ​ក្បាច់រចនា​ឱ្យ​បាន​ពេញលេញ ដូច​ប្រាសាទ​ដទៃ​ឡើយ ដែល​ជា​ចំណុច​ទាក់ទាញ និង​បង្កើត​ជា​សំណួរ​ចោទសួរ​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​ទេសចរ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ។

បើ​យើង​ស្វែងរក​ឫសគល់​ប្រវត្តិសាស្ត្រ និង​ការ​ផ្លាស់​ប្តូរ​រជ្ជកាល ដោយ​ផ្អែក​លើ​មូលដ្ឋាន​សិលាចារឹក ប្រាសាទតាកែវ​មានឈ្មោះ​ដើម​ថា «​ហេម​ស្រឹង្គ​គិរី​» (Hemaśṛṅgagiri) ដែល​មាន​ន័យ​ថា «​ភ្នំ​ដែល​មាន​កំពូល​មាស​» ។ ការ​សាងសង់​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥ (​គ​.​ស​. ៩៦៨-១០០១) ស្ថិត​ក្នុង​អន្តរកាល​រវាង​រចនាបថ​ប្រែ​រូប និង​រចនាបថ​ឃ្លាំង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ នៃ​ព្រហ្មញ្ញសាសនា ។ ក្រោយ​ពេល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥ សោយ​ទិវង្គត ការ​សាងសង់​ត្រូវ​បាន​បន្ត​ដោយ​ព្រះមហាក្សត្រ​បន្ទាប់​គឺ ព្រះបាទ​ជយ​វីរ​វរ្ម័ន និង​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ប៉ុន្តែ​ទោះជា​ឆ្លងកាត់​បី​រជ្ជកាល​ក៏​ដោយ ក៏​មហា​សំណង់​មួយ​នេះ​នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​ជា​ស្ថាពរ​រហូត​មក​ដល់​សព្វថ្ងៃ​។

ទីតាំង​ភូមិសាស្ត្រ និង​រចនាសម្ព័ន្ធ​ស្ថាបត្យកម្ម​នៃ​ប្រាសាទតាកែវ តាំងនៅ​ខាងកើត​នៃ​ក្រុង​អង្គរធំ ក្បែរ​ខ្លោងទ្វារ​ជ័យ និង​ស្ថិត​នៅ​ចំ​ទិស​ខាងលិច​នៃ​បារាយណ៍​ខាងកើត ។ ក្នុង​ទម្រង់​ជា​ប្រាសាទភ្នំ ក្តី​ចំនួន​៥ ផ្ដុំ​គ្នា​នៅ​លើ​ថ្នាក់ខ្ពស់​បំផុត (​ថ្នាក់​ទី​៥) ដោយ​សាង​ឡើង​លើ​ខឿន​តែ​មួយ មាន​លក្ខណៈ​ស្មើភាព​គ្នា ដែល​ជា​និមិត្តរូប​នៃ​កំពូល​ទាំង​៥ នៃ​ភ្នំ​ព្រះ​សុមេរុ ដែល​ជា​មណ្ឌល​នៃ​ចក្រ​វា​ឡ​ក្នុង​ប្រព័ន្ធ​លោកធាតុ​វិទ្យា​។
មាន​អាថ៌​កំបាំង​ខ្លះ ទាក់ទង​នឹង​ប្រាសាទ​ដែល​កសាង​មិន​ទាន់​រួច ។ សំណួរ​ដែល​មនុស្ស​ជា​ច្រើន​តែង​ងឿងឆ្ងល់ គឺ ៖ ហេតុ​អ្វី​បានជា​ប្រាសាទតាកែវ​គ្មាន​ក្បូរក្បាច់​ចម្លាក់​លម្អ​ពេញលេញ? ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ គេ​បាន​លើក​ឡើង​នូវ​ទ្រឹស្ដី និង​មូលហេតុ​ចម្បង​ៗ​ចំនួន ៣៖

-ប្រផ្នូល​អាក្រក់ (​រន្ទះបាញ់​)៖ យោង​តាម​ភស្តុ​តាង​នៅ​ក្នុង​សិលាចារឹក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កំពុង​ដំណើរការ​សាងសង់ មាន​ហេតុការណ៍​រន្ទះបាញ់​ចំ​ប្រាសាទ​។ នៅ​ក្នុង​ផ្នត់គំនិត​បុរាណ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រផ្នូល​មិនល្អ ឬ​ជា​ការ​ខឹងសម្បារ​ពី​ទេវតា ទើប​ការ​កសាង​ត្រូវ​បាន​ផ្អាក ឬ​កាត់​បន្ថយ​សកម្មភាព​។

-ភាព​រឹង​ខ្លាំង​នៃលក្ខណៈ​ថ្ម​៖ ប្រាសាទ​នេះ​សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ថ្មភក់​ពណ៌​បៃតង​ក្រ​ម៉ៅ (Greyish-green Sandstone) ដែល​មាន​សាច់​រឹង​ខ្លាំង​ខុស​ពី​ថ្មភក់​នៅ​ប្រាសាទ​ដទៃ​។ ភាព​រឹង​នៃលក្ខណៈ​រូប​វន្ត​របស់​ថ្ម​នេះ បាន​បង្ក​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ដល់​ជាងចម្លាក់​ក្នុង​ការ​ដាប់​ឆ្លាក់​ក្បូរក្បាច់​ឱ្យ​បាន​ល្អិតល្អន់​។

-វិបត្តិ និង​ការ​ផ្លាស់​ប្តូរ​រជ្ជកាល​៖ សង្គ្រាម​ដណ្តើម​រាជ្យ និង​អ​ស្ថិរភាព​នយោបាយ​នៅ​ចុង​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​៥ រហូត​ដល់​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះបាទ​សូរ្យ​វ​ម៌្ម​ទី​១ អាច​ជា​កត្តា​ខ្វះខាត​កម្លាំង​ពលកម្ម​និង​ធនធាន ដែល​ធ្វើ​ឱ្យ​គម្រោង​ស្ថាបត្យកម្ម​ដ៏​មហិមា​នេះ​ត្រូវ​កាត់​ផ្ដាច់ (​ដើម្បី​ស្វែង​យល់​បន្ថែម​ចំណុច​នេះ សូម​មើល​៖ Coedès, George (1968): The Indianized States of Southeast Asia និង​លោក Dupont, Pierre (1946) “La dislocation du Sud-Est asiatique au XIe siècle”, publ. EFEO ព្រមទាំង Jacques, Claude & Freeman, Michael (1997): Ancient Angkor​។

ចំពោះ​តម្លៃ​បេតិកភណ្ឌ និង​ការ​អភិរក្ស​វិញ ទោះបីជា​ខកខាន​ក្នុង​ការ​ដាប់​ឆ្លាក់​ចម្លាក់​ឱ្យ​បាន​រួចរាល់​ក៏​ដោយ ប៉ុន្តែ​ប្រាសាទតាកែវ​គឺជា​សក្ខីភាព​ដ៏​វិសេសវិសាល នៃ​បច្ចេកវិទ្យា​វិស្វកម្ម ភាព​អត់ធ្មត់ និង​ភាព​ប៉ិន​ប្រសប់​របស់​បុព្វបុរស​ខ្មែរ ក្នុង​ការ​រៀបចំ​លំដាប់លំដោយ​ដុំ​ថ្ម​ធំ​ៗ​រាប់​ម៉ឺន​ដុំ​ឱ្យ​មាន​លំនឹង និង​ភាពរឹងមាំ​បំផុត​។ ជាង​នេះ​ទៅ​ទៀត វា​ប្រៀប​ជា «​ឯកសារ​ណែនាំ​» ដ៏​សំខាន់​សម្រាប់​អ្នក​បុរាណវិទ្យា ស្ថាបត្យករ និង​វិស្វករ ក្នុង​ការ​សិក្សា​អំពី​រចនាសម្ព័ន្ធ​សំណង់ និង​ដំណាក់កាល​នៃ​ការ​សាងសង់​ប្រាសាទបុរាណ ចាប់តាំងពី​ការ​រៀប​ដុំ​ថ្ម​ទទេ រហូត​ដល់​ការ​រៀបចំ​ផ្ទៃ​សម្រាប់​ឆ្លាក់​។

អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋាភិបាល​ចិន (CSA) បាន​សហការ​ជួសជុល និង​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​ប្រាសាទតាកែវ ដើម្បី​ធានា​និរន្តរភាព​សំណង់ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ឡើង​ទៅ​ទស្សនា និង​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​ពីលើ​កំពូល​ប្រាសាទភ្នំ​ដ៏​ពិសិដ្ឋ​មួយ​នេះ​៕