ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជើង​ចាស់​ជំនាញ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម ជាប់​ខ្នោះ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ចោរ​ជើង​ចាស់​២​នាក់ ​ជំនាញ​ខាង​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម ដែល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង រួច​មក​ហើយ​នោះ បាន​បន្ត​ចេញ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ត​ទៀត ប៉ុន្តែ​សំណាងអាក្រក់​ ជួប​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កំពុង​ល្បាត​តាម​ផ្លូវ។ ​ភ្លាម​ៗ​នោះ ​គ្រាន់តែ​ឃើញ​នគរបាល​ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​គេចខ្លួន​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នក​ដឹក​អី​វាន់ ​Grep ១​គ្រឿង​ពេញទំហឹង ទើប​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​ពុំ​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ជន​ខាងលើ​គឺជា​មុខសញ្ញា​ចាស់ (​ជា​ចោរ​ជើង​ចាស់​ជំនាញ​ខាង​កាច់ក​ម៉ូតូ) ​ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​មិន​តិច​ដងនោះ​ទេ ។
ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ ​១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1LQ-7601 ជិះ​ឌុ​ប​គ្នា​ចេញ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បន្ត​ទៀត ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ខណៈ​ពល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​ជួប​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កំពុង​ល្បាត​តាម​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ទា​១ ។

ខណៈនោះ​ ដោយសារ​តែ​ដឹង​ខ្លួនឯង​ជា​ចោរ​ (​គេ​ហៅ​ថា​មនុស្ស​មានខ្លួន​) ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​គេចខ្លួន​ចេញពី​នគរបាល ហើយ​នគរបាល ​ក៏​បាន​ដេញ​តាម​ប្រកៀក​ប្រកិត ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​អ្នក​ដឹក​អី​វាន់ ​Grep ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​ 1Q-9709​ ពេញទំហឹង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ពេល​នោះ​បណ្ដាល​ឲ្យ​ម៉ូតូ​ដឹក​អី​វាន់ ​Grep បាក់​ក​ន្លុ​យ ​និង​ស្លាក​លេខ​ដាច់​ជ្រុះ​មក​ដី ហើយ​ជនសង្ស័យ​បាន​ដួល​ម៉ូតូ ទើបត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ភ្លាម​ៗ​តែ​ម្ដង ។ បន្ទាប់​មក​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕​