ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​៖ កា​ណា​ដា​ដាក់​ពន្ធ​សងសឹក​លើ​ទំនិញ​អា​មេ​រិ​ករ​ហូត​ដល់ ៥០% ជា​ការ​តបត​នឹង​លោក ត្រាំ

2 ម៉ោង មុន

ទីក្រុង​អូ​តា​វ៉ា ៖ ប្រទេស​កា​ណា​ដា​បាន​ប្រកាស​ដាក់​ពន្ធ​តបត​វិញ​ខ្ពស់​រហូត​ដល់ ៥០% ដូច​គ្នា​ទៅ​លើ​មុខទំនិញ​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក ដើម្បី​ជា​ការ​សងសឹក​ទៅ​នឹង​ការ​ដាក់​ពន្ធ​ចុង​ក្រោយបង្អស់​លើ​ទំនិញ​កា​ណា​ដា ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​។

មន្ត្រី​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​ប្រកាស​ថា ពន្ធ​របស់​កា​ណា​ដា​នឹង​ត្រូវ​អនុវត្ត​លើ​ទំនិញ​អា​មេ​រិ​ក​ដែល​មាន​តម្លៃ​ជិត ២៨ ពាន់​លាន​ដុល្លារ​កា​ណា​ដា ឬ​ស្មើនឹង ២០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​រាប់​ចាប់តាំងពី​ដែកថែប រហូត​ដល់​គ្រឿង​សង្ហា​រឹម ត្រី​ធូ​ណា​ស្រស់ និង​អាវយឺត​កប្បាស​ផង​ដែរ​។ បញ្ជី​ទំនិញ​គោលដៅ​ទាំងនេះ ត្រូវ​បាន​រៀបចំ​ឡើង​ឱ្យ​ត្រូវ​គ្នា​ទៅ​នឹង​ទំនិញ​របស់​កា​ណា​ដា​ដែល​ជាប់ពន្ធ​របស់​សហរដ្ឋអាមេរិក ហើយ​ពន្ធ​តបត​របស់​កា​ណា​ដា​នេះ គ្រោង​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ខាង​មុខ​នេះ​។

នេះ​គឺជា​ការ​កើនឡើង​កម្តៅ​ចុង​ក្រោយបង្អស់ បន្ទាប់​ពី​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កា​ណា​ដា​បាន​បរាជ័យ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ដោយ​ភាគី​នីមួយ​ៗ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ដាក់​ការ​ទាមទារ​នៅ​នាទី​ចុង​ក្រោយ ដោយ​គ្មាន​ហេតុផល​សមរម្យ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កា​ណា​ដា លោក François-Philippe Champagne បាន​ថ្លែង​ថា ការ​សងសឹក​របស់​កា​ណា​ដា ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពន្ធ ៥០% ដែល​បាន​ដាក់​ដោយ​រដ្ឋបាល​របស់​លោក ត្រាំ លើ​មុខទំនិញ​ជា​ច្រើន​របស់​កា​ណា​ដា បន្ទាប់​ពី​កិច្ចចរចា​ពាណិជ្ជកម្ម​បរាជ័យ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​។ ពន្ធ​ទាំងនោះ​នឹង​ផ្តល់​ផលវិបាក​ពិតប្រាកដ​ដល់​កម្មករ អាជីវកម្ម និង​សហគមន៍​កា​ណា​ដា​នៅ​ទូ​ទាំង​ប្រទេស ដូច្នេះ​កា​ណា​ដា​ចាំបាច់​ត្រូវ​តែ​ឆ្លើយ​តប​វិញ ដោយ​លោក​បាន​ហៅ​ការ​សងសឹក​នេះ​ថា ទ​ង្វើ​មាន​សមាមាត្រ​ស្មើគ្នា និង​ជា​យុទ្ធសាស្ត្រ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ប្រទេស​កា​ណា​ដា​ក៏​នឹង​ផ្តល់​ថវិកា​បន្ថែមចំនួន ៧,៥ ពាន់​លាន​ដុល្លារ​កា​ណា​ដា (៥,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) ផង​ដែរ​ទៅ​ដល់​បណ្តា​អាជីវកម្ម និង​កម្មករ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ពន្ធ​របស់​សហរដ្ឋអាមេរិក សម្រាប់​បណ្តា​កម្មវិធី​គាំទ្រ ដែល​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​ការងារ និង​ជួយ​ទប់ទល់​ក្រុមហ៊ុន​នានា​ឱ្យ​នៅ​បន្ត​ដំណើរការ​ទៅ​មុខ​បាន​៕