ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យធ្លាយព័ត៌មានដឹកដីចាក់អនាធិបតេយ្យពេក ទើបរដ្ឋអំណាចខេត្ត​ចេញសេចក្តីប្រកាស​

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ កាលពី​ថ្ងៃ​ទី​ ២៤ ខែសីហា ឆ្នាំ​ ២០២៦ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្តីប្រកាស​ស្តី​ពី​ការ​ចុះ​ពិនិត្យ តាមដាន និង​ចាត់វិធានការ លើ​សកម្មភាព​ការ​ចាក់​បំពេញ​អាចម៍ដី ដែល​ពុំ​មានលិខិតអនុញ្ញាត​ត្រឹមត្រូវនៅ​ក្នុង​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ​។ យោង​អនុក្រឹត្យ​លេខ ១៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី ​៨ ខែកុម្ភៈ ឆ្នាំ​ ២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា
-​តាម​ការ​ចាំបាច់​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ ។

តប​តាម​ខ្លឹមសារ​កម្មវត្ថុ និង​យោង​ខាងលើ សូម​ជម្រាប​ជូន លោក​អភិបាលក្រុង -​ស្រុក បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​សង្កេត​ឃើញ​មាន​សកម្មភាព​ការ​ចាក់​បំពេញ​អាចម៍ដី នៅ​តាម​ទីតាំង​មួយ​ចំនួន​ពាក់ព័ន្ធ ការ​ប្រើប្រាស់​ដី ការ​បំពេញ​ដី ឬ​ការ​កែប្រែ​ស្ថានភាព​ដី ពុំ​មាន​លិខិត អនុញ្ញាតត្រឹមត្រូវ ​។ ​ដើម្បីពង្រឹង​ការ​គ្រប់គ្រង សណ្តាប់ធ្នាប់ ការ​ប្រើប្រាស់​ដីធ្លី និង​ការ​អនុវត្ត​ច្បាប់ នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រដ្ឋបាល​ខេត្ត សូម ក្រើនរំលឹក​ដល់​រដ្ឋបាល ក្រុង​-​ស្រុក ត្រូវ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ឱ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​អនុវត្តន៍​តាម​ការ ណែនាំ​ឱ្យ​បាន​ម៉ឺងម៉ាត់​ដូច​ខាងក្រោម ​៖

១. ត្រូវ​ចាត់តាំង​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ ភូមិ​ចុះ​ពិនិត្យ​ជា​ប្រចាំ​លើ​ទីតាំង​ដី ដែល​មាន​សកម្មភាព ចាក់​បំពេញ​អាចម៍ដី ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ អំពី​ទីតាំង ទំហំ​ផ្ទៃដី ម្ចាស់​ទីតាំង និង គោលបំណង នៃ​ការ​ចាក់​បំពេញ និង​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​ ។

២.​ករណី​រក​ឃើញ​សកម្មភាព​ចាក់​បំពេញ​អាច​ម៌​ដី ដែល​ពុំ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ត្រូវ​ណែនាំ ឱ្យ​ម្ចាស់​ទីតាំង ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន និង​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​ជា​ធរមាន ​។

៣.​ចំពោះ​ទីតាំង​ដី ដែល​ពុំ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​រដ្ឋបាល​ក្រុង​- ស្រុក ត្រូវ​រាយការណ៍​ជា​បន្ទាន់ មក​រដ្ឋបាល​ខេត្ត និង​សហការ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ និង​ចាត់វិធានការ​តាម​មុខងារ និង​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ​។

៤. ត្រូវ​រៀបចំ​កត់ត្រា​ទីតាំង ដែល​បាន​ចុះ​ពិនិត្យ ដោយ​បញ្ជាក់​ពី​ស្ថានភាព​ជាក់ស្តែង លិខិតអនុញ្ញាត ម្ចាស់​ទីតាំង វិធានការ ដែល​បាន​អនុវត្ត និង​មាន​រូបភាព​ភ្ជាប់​ជា​ភស្តុ​តាង​តាម​ការ​ចាំបាច់ ​។

៥. ត្រូវ​រាយការណ៍​ជូន​រដ្ឋបាល​ខេត្ត អំពី​លទ្ធផល នៃ​ការ​ចុះ​ពិនិត្យ និង​វិធានការ ដែល​បាន​អនុវត្ត ជា​ប្រចាំ​។ ករណី​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ដី​សាធារណៈ ផ្លូវ​សាធារណៈ ប្រឡាយ ប្រព័ន្ធ​រំដោះ​ទឹក ឬ​ផលប្រយោជន៍​សាធារណៈ ត្រូវ​រាយការណ៍​មក​រដ្ឋបាល​ខេត្ត​ជា​បន្ទាន់​។

៦. ករណី​រដ្ឋបាល​ខេត្ត ចុះ​ពិនិត្យ ឬ​ទទួល​បាន​ព័ត៌មាន រក​ឃើញ​មាន​សកម្មភាព​ចាក់​បំពេញ​អាចម៍ដី នៅ​មូលដ្ឋាន​ក្រុង​- ស្រុក ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ កំពុង​បន្ត​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច និង​ពុំ​មានការ​ចុះ​ពិនិត្យ ណែនាំ ទប់ស្កាត់ ឬ​រាយការណ៍​តាម​ការ​ណែនាំ​ខាងលើ រដ្ឋបាល​ខេត្ត​នឹង ចាត់វិធានការ​រដ្ឋបាល​ចំពោះ​រដ្ឋបាល​ក្រុង​-​ស្រុក​នោះ ជា​ធរមាន​។

អាស្រ័យ​ហេតុនេះ សូម​លោក​អភិបាលក្រុង​- ស្រុក ជ្រាប​ និង​ចាត់ចែង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​