ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ចុះ​ពិនិត្យ​ផ្លូវ​កៅស៊ូ DBST ចំនួន​៣​ខ្សែ ត្រៀម​នឹង​ជួសជុល​ស្ដារ​ឡើង​វិញ

42 នាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ មិន​ថា​ផ្លូវ​ដី​ឬ​ផ្លូវ​កៅស៊ូ​គឺជា​សរសៃឈាម​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ហ្នឹង​ដឹក​កសិផល​ពី​សំណាក់​បងប្អូន​ប្រជា​កសិករ​ទៅ​កាន់​ទីផ្សារ​ដោយ​ងាយស្រួល​។​ជាក់ស្ដែង​នា​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ស្ថានភាព​ផ្លូវ​ជនបទ​ចំនួន ០៣​ខ្សែ​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ដែល​រង​ការ​ខូចខាត និង​ត្រូវ​ជួសជុល​បន្ទាន់​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។
ជាមួយ​នោះ​អមដំណើរ​ដោយ​លោក​អាន​ស៊ី​ណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​និង​ជនបទ​ខេត្ត​ព្រមទាំង​សហការី​ជា​ច្រើន​នាក់​ទៀត​។

សូម​បញ្ជាក់​ថា​:​ចំពោះ​ផ្លូវ​ប្រភេទ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ទាំង​៣​ខ្សែ​រួម​មាន​៖ ខ្សែ​ទី​១ នៅ​ភូមិ​ខ្នុរ​-​ស្រែ​វែង មាន​ប្រវែង ២២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ខ្នុរ ឃុំ​នាង​ទើត ទៅ​ភូមិ​ស្រែ​វែង ឃុំ​ទឹក​ជ្រៅ និង​បន្ត​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង នៃ​ភូមិ​លោ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ខ្សែ​ផ្លូវ​នេះ​មាន​អ្នក​ទទួលផល​ដោយ​ផ្ទាល់​ចំនួន ៧ ៤១៤​គ្រួសារ ស្មើនឹង ៣០ ៧៤៦​នាក់ និង​អ្នក​ទទួលផល​ដោយ​ប្រយោល​ចំនួន ៥៩ ០៥២​គ្រួសារ ស្មើនឹង ២៥៤ ២១៨​នាក់​។ ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវ​បាន​ស្ថាបនា​ក្នុង​ឆ្នាំ​២០១៩ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ក្របខ័ណ្ឌ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​២​។

ខ្សែ​ទី​២ ផ្លូវ ចុង​ជា​ច​-​បង្ហើរខ្លែង មាន​ប្រវែង ១១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទីប្រជុំជន ឃុំ​ចុង​ជា​ច ទៅ​ភូមិ​បង្ហើរខ្លែង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ ផ្លូវ​នេះ​មាន​អ្នក​ទទួលផល​ដោយ​ផ្ទាល់​ចំនួន ៧ ១៨៤​គ្រួសារ ស្មើនឹង ២២ ៨៨៨​នាក់ និង​អ្នក​ទទួលផល​ដោយ​ប្រយោល​ចំនួន ២១ ៥៨៣​គ្រួសារ ស្មើនឹង ៩៥ ១៩២​នាក់​។ ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវ​បាន​ស្ថាបនា​ជា​ពហុ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ ដោយ​នាយកដ្ឋាន​ផ្លូវ​ជនបទ ក្រសួង​អភិវឌ្ឍន៍ជនបទ​។
ខ្សែ​ទី​៣ ផ្លូវ ស្ទឹង​-​គោក​ចារ មាន​ប្រវែង​២២,៦៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ទៅ​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​៧៣ ត្រង់​ភូមិ​គោក​ចារ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ ផ្លូវ​នេះ​មាន​អ្នក​ទទួលផល​ដោយ​ផ្ទាល់​ចំនួន ៩ ៧១៥​គ្រួសារ ស្មើនឹង ៤៣ ៨៦០​នាក់ និង​អ្នក​ទទួលផល​ដោយ​ប្រយោល​ចំនួន ៦០ ០៦៨​គ្រួសារ ស្មើនឹង ២៥៧ ៧៥៥​នាក់​។ ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវ​បាន​ស្ថាបនា​ជា​ពហុ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ដោយ​កង​វិស្វកម្ម​ក្រសួងការពារជាតិ ក្រោម​អាណា​ប័ក​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

គួរ​ជម្រាប​ជូន​ដែរ​ថា ឯកឧត្តម​រដ្ឋមន្ដ្រី ដឹកនាំ​មន្ដ្រី​បច្ចេកទេស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នា​ឱកាស​នោះ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នូវ​ទំហំ​នៃ​ការ​ទទួល​រង​ការ​ខូចខាត ដែល​បង្ក​ផលវិបាក​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​។ តាម​រយៈ​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ចង្អុលបង្ហាញ​ដល់​នាយកដ្ឋាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ ពិនិត្យ​លទ្ធភាព​ដាក់​បញ្ចូល​ខ្សែ​ផ្លូវ​ទាំង ៣​ខ្សែ​នេះ ទៅ​ក្នុង​ផែនការ​ស្ដារ​ឡើង​វិញ ឬ​ផែនការ​ថែទាំ​ខួប ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​នា​ឆ្នាំ​បន្ទាប់ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​៕