ច្រកប៉ោយប៉ែតបណ្ដេញជនជាតិថៃខុសច្បាប់ជិត២០០នាក់ និងទទួលពលរដ្ឋខ្មែរ៨៦នាក់ត្រឡប់មកវិញ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបណ្ដេញជនជាតិថៃចំនួន១៩៣នាក់ ដែលមកស្នាក់នៅខុសច្បាប់អោយទៅប្រទេសខ្លួនវិញ និងទទួលពលរដ្ឋខ្មែរចូលប្រទេសវិញតាមរយៈអាជ្ញាធរថៃ ។

សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣និង៣០នាទី លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ។

លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ បានធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន១៩៣នាក់ ក្នុងនោះ ស្រី៧៣នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ។

ក្នុងពេលជាមួយគ្នានេះផងដែរ ក៏បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន៨៦នាក់ ក្នុងនោះ ស្រី១៩នាក់ កុមារ០៤នាក់ និងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។ អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕

ចែករំលែកព័តមាននេះ