ដើម្បីភាពស្មោះត្រង់! ចុះពិនិត្យក្នុងផ្សារសាលាលេខ៥ រកឃើញជញ្ជីងអាជីវករចំនួន ៧គ្រឿង មានភាពមិនត្រឹមត្រូវ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ដើម្បីការពារផលប្រយោជន៍ និងធានាបាននូវភាពស្មោះត្រង់ និងត្រឹមត្រូវ រវាងអាជីវករជាអ្នកលក់ដូរ និងប្រជាពលរដ្ឋជាអ្នកទិញទំនិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយមន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃជញ្ជីងរបស់បងប្អូនអាជីវករលក់ដូរនៅផ្សារសាលាលេខ៥ របស់ខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះ ដឹកនាំផ្ទាល់ដោយ លោកស្រី ហ៊ឹម សុចិន្តា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ឆ្នាំង និង លោកស្រី សូរ សុធារ៉ា ប្រធានការិយាល័យស្តង់ដា និងមាត្រាសាស្ត្រ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និង លោក អ៊ឹម សាវុធ ជាមន្ត្រីសណ្តាប់ធ្នាប់ផ្សារសាលាលេខប្រាំផងដែរ។
ជាលទ្ធផលក្រុមការងារជំនាញបានធ្វើការត្រួតពិនិត្យលើឧបករណ៍វាស់វែងសរុបចំនួន ៨៨គ្រឿង ដោយក្នុងនោះ៖ អនុលោមភាព(ត្រឹមត្រូវតាមស្តង់ដា) ចំនួន ៨១គ្រឿង , មិនអនុលោមភាព (ខុសស្តង់ដារ) ៖ ចំនួន ០៧គ្រឿង ។
សកម្មភាពចុះត្រួតពិនិត្យជាប្រចាំនេះ គឺដើម្បីធានាថាឧបករណ៍វាស់វែង ឬជញ្ជីងដែលអាជីវករប្រើប្រាស់ក្នុងការជួញដូរទំនិញមានស្តង់ដារត្រឹមត្រូវ ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាធានានូវភាពយុត្តិធម៌ក្នុងអាជីវកម្មផងដែរ៕






ចែករំលែកព័តមាននេះ