សមត្ថកិច្ចបន្តវិធានការក្តៅ ចុះបង្ក្រាបបទល្មើសនេសាទ កា.ត់កម្ទេចឧបករណ៍ស្បៃមុងជាច្រើនកន្លែង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងកងពលតូចលេខ៧០ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា នាយសេនាធិការរងកងពល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងការចុះល្បាត និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងភូមិសាស្ត្រខេត្ត។
នៅក្នុងប្រតិបត្តិការល្បាតតាមខ្សែទឹក និងតំបន់ព្រៃលិចទឹក ចាប់ពីចំណុចផ្សារឆ្នាំង កំពង់អុស ដូនវៀត រហូតដល់ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រុមការងារចម្រុះបានរកឃើញ និងធ្វើការកាត់កម្ទេចឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងក្រឡាល្អិតនៅហ្នឹងកន្លែង សរុបបានចំនួន ២៣ ចំណុច។
ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបនេះ ក្រុមការងារដកហូត និងបំផ្លាញចោលនូវ៖ របាំងស្បៃមុងសរុបប្រវែង ១,៤២០ ម៉ែត្រ , ឡុក (លបស្បៃមុង)ចំនួន ២៣ ឡុក , ចម្រឹង (បង្គោល) ចំនួន ១៥០ ដើម ។
សកម្មភាពនេះបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់បទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ បំផ្លិចបំផ្លាញពូជមច្ឆជាតិ ដើម្បីធានាឲ្យបាននូវការអភិរក្សធនធានធម្មជាតិ និងនិរន្តរភាពផលនេសាទសម្រាប់ប្រជាពលរដ្ឋជាហូរហែ៕




ចែករំលែកព័តមាននេះ