ដកហូតអត្តសញ្ញាណប័ណ្ណពលរដ្ឋជាង១៦០សន្លឹក ពីហាងបញ្ចាំមួយកន្លែង នៅស្រុកបសេដ្ឋ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ អត្ដសញ្ញាណប័ណ្ណប្រជាពលរដ្ឋចំនួន១៦៣សន្លឹក ត្រូវបាននគរបាលស្រុកបសេដ្ឋ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ធ្វើការដកហូតត្រឡប់មកវិញពីហាងបញ្ចាំមួយកន្លែង យីហោ (រដ្ឋាឯកទេសជួសជុលលក់ទូរស័ព្ទដៃទំនើប ) នៅក្នុងស្រុកបសេដ្ឋ ខណៈដែលពលរដ្ឋបានយកទៅបញ្ចាំ។
ការដកហូតអត្តសញ្ញាណប័ណ្ណពលរដ្ឋពីហាងបញ្ចាំប្រមាណ១៦៣សន្លឹក ធ្វើឡើងដោយមានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរងទទួលផែនការងារអត្ដសញ្ញាណកម្ម លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានធ្វើការបញ្ជាដល់ផ្នែកអត្ដសញ្ញាកម្មស្រុកសហការផ្សព្វផ្សាយនិងចុះស្រាវជ្រាវលើការទទួលដាក់ធានាបំណុលដោយប្រើប្រាស់ឯកសារ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) សៀវភៅស្នាក់ការ (ច្បាប់ដើម) សៀវភៅគ្រួសារ (ច្បាប់ដើម) ។ ជាក់ស្ដែង សមត្ថកិច្ចនគរបាលបានការសហការស្រាវជ្រាវរកឃើញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលម្ចាស់ទីតាំងហាងលក់និងបង់រំលស់ទូរស័ព្ទមួយកន្លែង «យីហោឈ្មោះ រដ្ឋាឯកទេសជួសជុលលក់ទូរស័ព្ទដៃទំនើប» ស្ថិតនៅក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការចុះដកហូតអត្តសញ្ញាណ ដោយម្ចាស់ទីតាំងខាងលើបានស្ម័គ្រចិត្ដសហការជាមួយសមត្ថកិច្ចប្រគល់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) សរុបចំនួន១៦៣ សន្លឹក ក្នុងពិនិត្យឃើញមានផុតសុពលភាព ចំនួន១០សន្លឹក និងអ្នកមានទីលំនៅខេត្តផ្សេងពីកំពង់ស្ពឺមានចំនួន៤០សន្លឹក ផុតសុពលភាពចំនួន ២សន្លឹក។
នគរបាលខេត្តកំពង់ស្ពឺបានបន្តថា ជាគោលការណ៍ឯកសារច្បាប់ដើមរបស់ប្រជាពលរដ្ឋមិនអាចយកទៅដាក់ធានាឬបញ្ចាំលើបំណុលណាមួយបានឡើយ ក្នុងករណីពលរដ្ឋត្រូវការដើម្បីធានាលើអ្វីមួយ អាចយកឯកសារច្បាប់ដើមទៅថតចម្លងនិងបញ្ជាក់ នីត្យានុកូលកម្មនៅតាមច្រកចេញ-ចូលតែមួយនៅតាមរដ្ឋបាលក្រុង-ស្រុក ដែលនៅជិត ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែងលើសពីនេះឯកសារអត្តសញ្ញាណប័ណ្ណរឹតតែមិនអាចឱ្យបុគ្គលណាម្នាក់ក្រៅពីសាម៉ីខ្លួនយកទៅធ្វើឬប្រើប្រាស់បានឡើយ។ ចៀសវាងការពាក់ព័ន្ធផ្លូវច្បាប់ក្នុងករណីសកម្មភាពនោះជាការល្មើសនឹងច្បាប់ពេលសមត្ថកិច្ចប្រតិបត្ដិការរកឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសដែលបានស្រាវជ្រាវរកឃើញដូចជាការបើកគណនីធនាគារឬយកទៅធ្វើអ្វីផ្សេងទៀត។
នគរបាលខេត្តកំពង់ស្ពឺសូមអរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមិនទទួលយកឯកសារច្បាប់ដើមពីពលរដ្ឋ ។ ហើយប្រជាពលរដ្ឋមិនត្រូវជួលឬបញ្ចាំឬប្រគល់នូវឯកសារអត្ដសញ្ញាណប័ណ្ណទៅឱ្យបុគ្គលផ្សេងឡើយ ៕





ចែករំលែកព័តមាននេះ