រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានប្រាប់ប្ដីថា គាត់ចង់ហូបគុយទាវ ខណៈនោះបុរសជាប្ដី ក៏បានចេញទៅទិញឲ្យហូប ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺឆ្លៀតពេលប្ដីចេញទៅទិញគុយទាវបាត់ នាងក៏បានបញ្ចប់ជីវិតខ្លួនទៅវិញ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ១១១៤ ជាន់ទី១ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរូបនោះឈ្មោះ រ៉េន យ៉ារីម អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ មានទីលំនៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម ។
បើតាមបុរសជាប្ដី ក៏បានអះអាងប្រាប់សមត្ថកិច្ចថា ស្ត្រីជាប្រពន្ធរបស់គាត់រូបនេះមានជំងឺសសៃប្រសាទ រយៈពេល៤ឆ្នាំមកហើយ គឺតាំងពីក្រោយពេលឪពុកម្ដាយរបស់នាងស្លាប់ចោលអស់ទៅ នាងក៏ខូចចិត្តយ៉ាងខ្លាំង ហើយភាគច្រើន គឺដេកមិនលក់ឡើយ ។ កន្លងមក ទាល់តែប្រើថ្នាំរម្ងាប់អារម្មណ៍ ទើបនាងដេកលក់ ហើយគាត់ក៏បាននាំទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ និងបានលេបថ្នាំព្យាបាលជំងឺជាប់រហូតមកដែរ ប៉ុន្តែមិនបានជាសះស្បើយទាល់តែសោះ ។
ប្ដីរូបនេះ បាននិយាយបន្តទៀតថា ដោយឡែកនៅវេលាព្រឹកថ្ងៃកើតហេតុ ក្រោយពេលរៀបចំអីវាន់ លក់បាយរួចរាល់ ប្រពន្ធគាត់បានប្រាប់គាត់ថា នាងចង់ហូបគុយទាវ ។ ពេលនោះគាត់ក៏បានចេញទៅរកទិញគុយទាវឲ្យនាង ដោយគាត់មិនបានគិត ឬដឹងថា ឆ្លៀតពេលគាត់មិននៅប្រពន្ធចងកសម្លាប់ខ្លួនបែបនេះទេ ។
គាត់បាននិយាយបន្ថែមទៀតថា ក្រោយពេលទិញគុយទាវបានហើយ គាត់ក៏ប្រញាប់ប្រញាល់យកត្រលប់ទៅផ្ទះវិញ ហើយពេលទៅដល់ផ្ទះមិនបានឃើញប្រពន្ធនៅខាងក្រោមកន្លែងលក់បាយទេ ។ ខណៈនោះគាត់ក៏បានស្រែកហៅនាងឲ្យហូបគុយទាវ ប៉ុន្តែមិនបានឮនាងឆ្លើយសោះ គាត់ក៏ឡើងទៅមើលលើជានទី១ ស្រាប់តែឃើញនាងយកកន្សែងចងកជាប់ដែកដំបូលផ្ទះ ក៏ស្រែកប្រាប់អ្នកជិតខាងឲ្យជួយ ។
បុរសខាងលើបានប្រាប់បន្តថា ពេលនោះដោយគិតថា ប្រពន្ធមិនទាន់ស្លាប់ គាត់រួមជាមួយអ្នកជិតខាង បាននាំគ្នាស្រាយដាក់ចុះ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។ ប៉ុន្តែបន្ទាប់ពីការពិនិត្យមើលល្អិតល្អន បានឃើញថានាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះទៅពិនិត្យជាក់ស្ដែង ហើយគាត់និងយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕







ចែករំលែកព័តមាននេះ