ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចូលរួម «​វេទិកា​សេដ្ឋកិច្ច​សរទៈរដូវ ឆ្នាំ​២០២៦» នៅ​វៀតណាម

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​លោក ង្វៀ​ង វ៉ា​ន់​ឌឿ​ក ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូ​ជី​មិ​ញ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​សរទរដូវ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​ការ​រួម​បញ្ចូល​គ្នា នៃ​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​សកល​ថ្មី​ៗ” ក្រោម​អធិបតីភាព​របស់​លោក ឡេ មិ​ញ​ហឿ​ង (Le Minh Hung) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ថា វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ វិនិយោគិន​ធុរជន និង​ពាណិជ្ជករ ជុំវិញ​សកលលោក ដើម្បី​ជួបជុំ​គ្នា​ពិភាក្សា និង​ចូលរួម​ចែករំលែក​នូវ​គំនិត​ទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហា​ប្រឈម និង​ដំណោះស្រាយ សំដៅ​តម្រង់​ទិស និង​ការ​ជំរុញ​កំណើន សេដ្ឋកិច្ច​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក នា​ពេល​អនាគត​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព ។

លោកស្រី​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​សារៈសំខាន់​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​ផ្តល់​កិត្តិយស អញ្ជើញ​ឱ្យ​ឡើង​ថ្លែង​ចំណាប់អារម្មណ៍ ក្នុង​នាម​រាជធានី​ភ្នំពេញ រួម​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​បរទេស​សំខាន់​ៗ មួយ​ចំនួន​ទៀត​។ ក្នុង​ចំណាប់អារម្មណ៍​នេះ លោក​អភិបាល បាន​ថ្លែង​នូវ​ការ​អបអរសាទរ ចំពោះ​ទីក្រុង​ហូ​ជី​មី​ញ ចំពោះ​គំនិត​ផ្តួចផ្តើម និង​ការ​រៀបចំ​នូវ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ ដ៏​មាន​សារៈសំខាន់​មួយ​នេះ និង​បាន​អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ វិនិយោគិន ធុរជន និង​ពាណិជ្ជករ ជុំវិញ​សកលលោក​បាន​ជួបជុំ​គ្នា​ពិភាក្សា និង​ចូលរួម​គំនិត​យោបល់ នា​ពេល​នេះ ។

លោកស្រី​អ្នកនាំពាក្យ បាន​បន្ថែម​ថា ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​អភិបាល បាន​ចែករំលែក​ជូន​វេទិកា ដោយ​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ក្នុង​ការ​ឆ្ពោះទៅ​កាន់ការ​កសាង​សេដ្ឋកិច្ច​កម្ពុជា ប្រកបដោយ​ភាព​ធន់​, មាន​ភាព​បត់បែន និង​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​សកល តាម​រយៈ​ការ​ដាក់​ចេញ​នូវ យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​បាន​ផ្តោត​សំខាន់​លើ ការ​ព​ន្លឿ​ន​ការ​ធ្វើ​ឌី​ជី​លូ​ប​នី​យ​កម្ម​, ការ​ជំរុញ និង​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​, ការ​ពង្រឹង​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ ការ​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង ដោយ​ធានា​ឲ្យ​បាន​នូវ​ភាព​ស៊ីសង្វាក់ ក្នុង​ការ​ផែនការ​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព ការ​ពង្រីក​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ការ​ធ្វើ​ទំនើប​កម្ម​ឧស្សាហកម្ម និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ក្នុង​គោលដៅ​ឈាន​ឆ្ពោះទៅ​សម្រេច​បាន ផែនការ​អភិវឌ្ឍ​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន នៅ​ក្នុង​ឆ្នាំ​២០៥០ ។

បន្ថែម​លើ​នេះ​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់​ថា ក្នុង​ដំណើរ​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ និង​ផែនការ​អភិវឌ្ឍ​ខាងលើ គឺ​ពុំ​អាច​កាត់​ផ្តាច់​ចេញ​បាន​ទេ នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​ពី​សំណាក់​បណ្តា​ប្រទេស និង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ​ទាំងអស់​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក តាម​រយៈ​ការ​សហការ​គ្នា ក្នុង​ការ​ពង្រឹង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ឆ្លង​ដែន ការ​កំណត់​ស្តង់ដា​រួម និង​ការ​លើកកម្ពស់​ការ​វិនិយោគ​បៃតង ព្រមទាំង​ការ​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ព​ន្លឿ​ន​កំណើន​ឧស្សាហកម្ម ប្រកបដោយ​ចីរភាព ។

ក្នុង​ន័យ​នេះ រាជធានី​ភ្នំពេញ ដែល​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រៀមខ្លួន ក្នុង​ការ​ចូលរួម​គាំទ្រ​និង​សហការ​ជាមួយ​បណ្តា​ទីក្រុង​, ដៃគូ​អភិវឌ្ឍ​និង​វិស័យ​ឯកជន​ទាំងអស់ ក្នុង​ការ​ប្រែក្លាយ​នូវ​គោលនយោបាយ​, យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ខាងលើ​ឱ្យ​ក្លាយជា​សកម្មភាព​ពិត សំដៅ​ចូលរួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ ទាំង​នៅ​កម្រិត​ទីក្រុង និង​នៅ​កម្រិត​ថា្ន​ក់​ជាតិ ឱ្យ​ឈាន​ឆ្ពោះទៅ​មុខ​យ៉ាង​ឆាប់រហ័ស និង​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់ សំដៅ​សម្រេច​បាន​រួម​គ្នា នូវ​អនាគត​ពិភពលោក​មួយ ប្រកបដោយ​ភាព​ធន់​, ច្នៃប្រឌិត​, ទំនើប​, បៃតង និង​មាន​ភាព​ឆ្លាត​វៃ ជា​ពិសេស គឺ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​បន្ន ៕