រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងបុរីពិភពថ្មី ឈូកវ៉ា២ បង្ក្រាបឃាត់ខ្លួនជនបរទេស ៦នាក់ ពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង១៤:៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះរដ្ឋបាលត្រួតពិនិត្យ ផ្ទះជួលលេខ២១០និង២១២ បុរីពិភពថ្មី ឈូកវ៉ា២ ផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានរកឃើញជនបរទេសចំនួន០៦នាក់ ភេទប្រុស មាន០២សញ្ជាតិ (ឥណ្ឌា ០៣នាក់, ប៉ាគីស្ថាន ០៣នាក់) ក្នុងនោះមានលិខិតឆ្លងដែន០៥នាក់ (ផុតទិដ្ឋាការ០៤នាក់) គ្មានលិខិតឆ្លងដែន០១នាក់ និងរកឃើញមានសម្ភារៈ ដែលសង្ស័យបម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រុមការងារក៏បានរាយការណ៍ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យជាក់ស្តែង ទៅលើឧបករណ៍ សម្ភារៈ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ទីតាំងខាងលើពិតជាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពិតប្រាកដមែន សម្ភារៈមាន ៖
- កុំព្យូរទ័រយួរដៃ ចំនួន០២គ្រឿង
- ទូរសព្ទដៃ ចំនួន១៧គ្រឿង
- លិខិតឆ្លងដែនចំនួន០៥
- ម៉ូតូចំនួន០២គ្រឿង ។
បច្ចុប្បន្ន សម្ភារៈប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកជនបរទេសទាំង០៦នាក់ខាងលើ រួមទាំងលិខិតឆ្លងដែនប្រគល់ជូនផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី។ ដោយឡែកទីតាំងខាងលើនេះ ក្រុមការងារចម្រុះបានធ្វើការបិទសៀលបណ្តោះអាសន្ន ៕



ចែករំលែកព័តមាននេះ