ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើងល្បឿនលឿន ២គ្រឿងបុកគ្នានៅអេស្ប៉ាញ ស្លាប់យ៉ាងហោចណាស់ ៣០នាក់

3 ម៉ោង មុន

ប្រទេសអេស្ប៉ាញ៖ មនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ និងប្រមាណ ១០០នាក់រងរបួស បន្ទាប់ពីរថភ្លើងល្បឿនលឿន ២គ្រឿងបុកគ្នានៅខេត្តតូលេដូ ភាគកណ្តាលប្រទេសអេស្ប៉ាញ នៅថ្ងៃ​នេះ។ រថភ្លើងទាំងពីរមានអ្នកដំណើរសរុបប្រមាណ ៥០០នាក់ ហើយក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការនៅកន្លែងកើតហេតុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ពីស្ថានភាពដ៏រន្ធត់ ដោយអ្នកដំណើរមួយចំនួនត្រូវបានខ្ទាតចេញពីកន្លែងអង្គុយនៅពេលរថភ្លើងបុកគ្នា។ ការប៉ះទង្គិចបានបណ្តាលឱ្យទូរថភ្លើងខ្លះធ្លាក់ចេញពីផ្លូវដែក និងបង្កការខូចខាតធ្ងន់ធ្ងរ។ ក្រុមសង្គ្រោះបន្ទាន់ នគរបាល និងរថយន្តសង្គ្រោះបានចុះជួយអ្នករងគ្រោះភ្លាមៗ។

ក្រោយឧបទ្ទវហេតុនេះ សេវារថភ្លើងល្បឿនលឿនលើខ្សែផ្លូវតភ្ជាប់តំបន់ម៉ាឌ្រីដ និងតំបន់អង់ដាលូស៊ី ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដនៃការបុកគ្នានេះនៅឡើយទេ ខណៈប្រតិបត្តិការជួយសង្គ្រោះ និងការវាយតម្លៃលើទំហំនៃការខូចខាតកំពុងបន្ត។

គ្រោះថ្នាក់នេះកើតឡើងត្រឹមប្រមាណ ៩ខែបន្ទាប់ពីរថភ្លើងល្បឿនលឿន ២គ្រឿងបានបុកគ្នានៅជិតទីក្រុងអាដាមូស ខេត្តកូដូបា កាលពីខែមករា ឆ្នាំ២០២៦ ដែលបានបណ្តាលឱ្យមនុស្សជាង ៤០នាក់ស្លាប់។ ប៉ុន្មានថ្ងៃក្រោយមក រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅក្បែរទីក្រុងបាសេឡូណាក៏បានធ្លាក់ចេញពីផ្លូវដែកផងដែរ។

ឧបទ្ទវហេតុថ្មីនេះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពផ្លូវដែកនៅអេស្ប៉ាញ ខណៈអាជ្ញាធរកំពុងស្វែងរកមូលហេតុ និងវាយតម្លៃលើកាលៈទេសៈដែលនាំឱ្យមានការបុកគ្នា។ តួលេខអ្នកស្លាប់ និងអ្នករងរបួសអាចប្រែប្រួលបន្ថែម ខណៈការសង្គ្រោះ និងការបញ្ជាក់ព័ត៌មានផ្លូវការកំពុងបន្ត៕