ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងបញ្ជាក់ជំហរគាំទ្រដំណោះស្រាយរដ្ឋពីរ មិនថាលទ្ធផលបោះឆ្នោតអ៊ីស្រាអែលយ៉ាងណា

3 ម៉ោង មុន

ប្រទេសបារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូត បានបញ្ជាក់ថា បារាំងនឹងបន្តជំរុញដំណោះស្រាយរដ្ឋពីរ ដើម្បីឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចរស់នៅក្បែរគ្នាដោយសន្តិភាព ដោយមិនអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតនៅអ៊ីស្រាអែលឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde ដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ France 2 លោក បារ៉ូត បានលើកឡើងថា ជំហររបស់បារាំងនឹងមិនផ្លាស់ប្តូរឡើយ ទោះបីក្រុមចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក បេនចាមីន នេតាន់យ៉ាហ៊ូ ឬគណបក្សប្រឆាំងក្រោមការដឹកនាំរបស់លោក ហ្គាឌី អ៊ីសេនខូត ទទួលបានជ័យជម្នះក៏ដោយ។

ទំនាក់ទំនងរវាងបារាំង និងអ៊ីស្រាអែលបានរងភាពតានតឹង ជាពិសេសក្រោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីឆ្នាំមុន។ កាលពីពេលថ្មីៗនេះ លោក ម៉ាក្រុង ក៏បានប្រកាសថា បារាំងនឹងបញ្ឈប់ពាណិជ្ជកម្មជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែលដែលបារាំងចាត់ទុកថាខុសច្បាប់ នៅតំបន់វេសប៊ែងដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល។

លោក បារ៉ូត បានបញ្ជាក់ថា បារាំងចង់ឃើញអ៊ីស្រាអែលមានសន្តិសុខ និងមានលទ្ធភាពឈានទៅរកដំណោះស្រាយដែលប្រទេសទាំងពីរអាចរស់នៅក្បែរគ្នា ដោយទទួលស្គាល់ និងគោរពសិទ្ធិរបស់គ្នាទៅវិញទៅមក ព្រមទាំងរស់នៅដោយសន្តិភាព។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងប្រសើរឡើងឬយ៉ាងណា ប្រសិនបើគណបក្សប្រឆាំងអ៊ីស្រាអែលឡើងកាន់អំណាចនោះទេ។

គិតត្រឹមព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោយការរាប់សន្លឹកឆ្នោតបានជាងពាក់កណ្តាល មិនទាន់មានក្រុមណាមួយទទួលបានសំឡេងភាគច្រើនច្បាស់លាស់នៅឡើយទេ។ លោក បារ៉ូត បានអំពាវនាវឱ្យរង់ចាំលទ្ធផល និងគោរពការសម្រេចចិត្តរបស់ប្រជាពលរដ្ឋអ៊ីស្រាអែល ខណៈបារាំងបន្តប្រកាន់ជំហរគាំទ្រសន្តិសុខអ៊ីស្រាអែល និងដំណោះស្រាយរដ្ឋពីរដដែល៕