រាជធានីភ្នំពេញ ៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួន ដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង ៕








ចែករំលែកព័តមាននេះ