រាជធានីភ្នំពេញ ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអះអាងថា វិនិយោគិនមានគម្រោងយកប្រាក់សរុបប្រមាណជា ២៣៧ លានដុល្លារ មកវិនិយោគលើគម្រោង១៤ នៅខេត្តព្រះសីហនុ ។
ប្រភពដដែល បានអះអាងថា គម្រោងទាំងនេះបានបើកប្រជុំពិភាក្សាកាលពីថ្ងៃទី២៧ ខែតុលា ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។
គម្រោងវិនិយោគទាំងនោះ គឺមានលើគម្រោងអគារពហុមុខងារ, គម្រោងសណ្ឋាគារ, សួនឧស្សាហកម្ម, រោងចក្រផលិតក្តារបន្ទះគ្រប់ប្រភេទ, រោងចក្រផលិតកាវ, រោងចក្រផលិតឧបករណ៍ពេទ្យ ជាដើម ។
ប្រភពដដែល បានអះអាងថា ប្រសិនបើគម្រោងទាំងនេះ ទទួលបានការអនុញ្ញាតវានឹងអាចបង្កើតឱកាសការងារប្រមាណ ២,៧០០ កន្លែងបន្ថែមជូនពលរដ្ឋកម្ពុជា ។
គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប ៥១១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណជា ៨,៥ ពាន់លានដុល្លារ ៕



ចែករំលែកព័តមាននេះ