រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា កម្ពុជាបានពង្រីកការតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប ។
ប្រភពដដែល បានអះអាងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមហ៊ុនទាំងពីរ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines និងក្រុមហ៊ុន Trinity Airways ។
ប្រភពដដែលបានអះអាងថា ក្រុមហ៊ុន អាកាសចរណ៍ China Eastern Airlines នឹងបើកជើងហោះហើរ គុនមីង-សៀមរាប ជាមួយនឹងប្រតិបត្តិការជើងហោះហើរ ចំនួន ៤ដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃអង្គារ៍ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ជើងហោះហើរនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរពីតំបន់ភាគនិរតី នៃប្រទេសចិន ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways គឺហោះហើរនៅលើគន្លងផ្លូវហោះហើរ សេអ៊ូល-អ៊ីនឈុន-សៀមរាប រៀងរាល់ថ្ងៃ ប៉ុន្តែតាមរដូវកាល ចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800 ដែរ ។
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រតិបត្តិការហោះហើរ ៣៥ក្រុមហ៊ុន ដោយនៅក្នុងនោះជាតិមាន៤ ហើយសម្រាប់ជើងហោះហើរសរុបនៅក្នុងមួយសប្តាហ៍ គឺមានប្រមាណជា ១.១៦៨ជើង នៅក្នុងនោះជើងហោះហើរទៅសៀមរាបមាន២៩២ជើង ៕





ចែករំលែកព័តមាននេះ