ទីក្រុងតេអេរ៉ង់៖ ក្រុមចលនាប្រដាប់អាវុធដែលទទួលការជួយជ្រោមជ្រែងទំនុកបម្រុងពីរដ្ឋាភិបាលអុីរ៉ង់វាយប្រហារគ្មានឱ្យខុសគោលដៅសូម្បីតែបន្តិចកាលពីខែមុន ដែលបណ្ដាលឱ្យរងគ្រោះស្ថានីយបូមប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ប៉ុន្មានថ្ងៃក្រោយហេតុការណ៍នោះ ពួកគេវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់អារ៉ាប៊ីសាអូឌីត។ លើកនេះក៏វាយប្រហារមិនឱ្យខុសទៀតបណ្ដាលឱ្យខូចខាតយន្តហោះចម្បាំងផលិតនៅអុីតាលីមួយគ្រឿងដែលដាក់នៅក្នុងរោងជាង។ បញ្ហានេះធ្វើឱ្យគេនឹកតែឆ្ងល់ថាតើក្រុមនេះបានប្រភព និងជំនួយពីណាបានជាវាយប្រហារដៃត្រង់ម៉្លេះ?

ចំណុចស្លាប់-រស់ក្នុងការកំណត់ថាតើការវាយប្រហារទទួលបានជោគជ័យកម្រិតណា វាអាស្រ័យលើជំនួយពីលើអាកាស។ ឱ្យតែមុនពេលវាយប្រហារប៉ុន្មានថ្ងៃ គេឃើញហ្វូងផ្កាយរណបរបស់រុស្ស៊ីដែលជាប្រភេទផ្កាយរណបស៊ើបការណ៍សម្ងាត់បានបង្វែរទិសទៅរកបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាកាសដើម្បីប្រមូលព័ត៌មានយកទៅវិភាគ។ ក្រុមហ៊ុនឯកជនដែលទទួលរ៉ាប់រងផ្នែកវិភាគការណ៍សម្ងាត់នៅលើដី និងអាកាសរកឃើញថាក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉េន និងចលនាប្រដាប់អាវុធនៅអុីរ៉ាក់ដែលសុទ្ធតែជាកូនចៅរបស់អុីរ៉ង់បានវាយប្រហារដោយមីស៊ីល និងដ្រូនចំនួន៤០ដងទៅលើប្រទេសអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៩ ខែតុលា។

រាល់ពេលមុនការវាយប្រហារម្ដងៗ ក្រុមហ៊ុនខាងលើនេះតាមដានឃើញថាផ្កាយរណបរបស់រដ្ឋាភិបាលរុស្ស៊ី និងយោធារុស្ស៊ីតែងតែហោះក្រឡឹងពីលើទីតាំងដែលត្រូវវាយប្រហារ។ ពោលគឺហោះក្រឡឹងមុនវាយប្រហារម្ដង និងក្រោយវាយប្រហារម្ដងទៀត។ លោកណាវ៉ាហ្វ អូបេត (Nawaf Obaid) ដែលជាស្ថាបនិកក្រុមហ៊ុនឈ្មោះ AURORAH Geosignal Intelligence មានប្រសាសន៍ថាអ្វីដែលយើងបានរកឃើញគឺថាដូចគ្នាបេះបិទ១០០%បើគេប្រៀបធៀបរវាងសកម្មភាពហោះក្រវែលរបស់ផ្កាយរណប និងសកម្មភាពវាយប្រហារ។ មានន័យថាផ្កាយរណបរុស្ស៊ីហោះក្រឡឹងទីតាំងណា មួយមិនយូរប៉ុន្មានទេ ក្រុមហ៊ូទីនឹងវាយប្រហារទីតាំងនោះគ្មានឱ្យខុសសូម្បីតែបន្តិច។ របកគំហើញនេះជាការគូសបញ្ជាក់បន្ថែមថាអ្វីដែលគេធ្លាប់គិតថារុស្ស៊ីជួយជ្រោមជ្រែងអុីរ៉ង់ និងសម្ព័ន្ធមិត្តអុីរ៉ង់នៅក្នុងតំបន់ដើម្បីវាយប្រហារប្រេងរបស់អារ៉ាប៊ីសាអូឌីត និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសនេះគឺពិតជាត្រឹមត្រូវ។

ការជួយរបៀបនេះមិនមែនជួយចូកជួយចែវ ឬជួយឱ្យចម្រុងចម្រើនទេ ប៉ុន្តែជួយជំរុញឱ្យថាមពល (សាំង ម៉ាស៊ូត ហ្គាស។ល។) ឡើងថ្លៃកាន់តែខ្លាំង។ មែនទែនទៅ មិនមែនតែក្រុមហ៊ុនឯកជនខាងលើនេះទេដែលវាយតម្លៃអំពីការជួយជ្រោមជ្រែងពីសំណាក់រុស្ស៊ីចំពោះអុីរ៉ង់ និងកូនចៅអុីរ៉ង់ សូម្បីតែមន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគដែលស្នើសុំមិនបញ្ចេញឈ្មោះ (ម្នាក់បម្រើការនៅក្នុងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត, ម្នាក់ជាមន្ត្រីកំពូលរបស់ក្រុមឧទ្ទាមហ៊ូទី និងម្នាក់ទៀតជាអ្នកវិភាគអំពីវិស័យចារកម្ម) បានប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) ថាហ៊ូទី និងសម្ព័ន្ធមិត្តរបស់អុីរ៉ង់ដទៃទៀតទទួលបានការជួយជ្រោមជ្រែងពីផ្នែកចារកម្មរបស់រុស្ស៊ី និងចិន។ អុីរ៉ង់បញ្ជូនក្រុមទីប្រឹក្សារបស់ខ្លួនទៅជួយផ្ដល់យោបល់ឱ្យក្រុមប្រដាប់អាវុធទាំងនោះ។

ទិន្នន័យដែលបញ្ជូនដោយរុស្ស៊ី និងចិនត្រូវទីប្រឹក្សាទាំងនេះយកទៅវិភាគ និងបញ្ជូនឱ្យសម្ព័ន្ធរបស់ពួកគេដើម្បីត្រៀមវាយប្រហារ។ អនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោករ៉ាយេត គ្រីមលី (Rayed Krimly) ប្រាប់អ្នកសារព័ត៌មានថាអុីរ៉ង់ និងហ៊ូទីទទួលព័ត៌មានចារកម្មពីរុស្ស៊ី និងចិន។ លោកថ្លែងបន្តទៀតថាយើងបានលើកយកបញ្ហានេះទៅនិយាយជាមួយរុស្ស៊ី និងចិនជាច្រើនដងហើយ ហើយយើងនឹងបន្តនិយាយជាមួយប្រទេសទាំង២ទៀតនាពេលអនាគត។ ពាក់ព័ន្ធនឹងការអះអាងទាំងអម្បាលម៉ានខាងលើនេះ អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅមន្ត្រីរដ្ឋាភិបាលរុស្ស៊ីដើម្បីស្នើសុំការឆ្លើយបំភ្លឺ ឬធ្វើអត្ថាធិប្បាយផ្សេងៗ។ ប៉ុន្តែពួកគេមិនទាន់ឆ្លើយតបទេ។

រុស្ស៊ី និងអុីរ៉ង់ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ចិត្តមួយថ្លើមមួយជាមួយគ្នាជាយូរមកហើយ។ គេមិនត្រូវភ្លេចទេថាអុីរ៉ង់បានផ្គត់ផ្គង់ដ្រូនអត្តឃាតម៉ាកសាហ៊ីតជាច្រើនគ្រឿងដើម្បីឱ្យរុស្ស៊ីយកទៅវាយប្រហារអ៊ុយក្រែន។ ដូច្នេះ ជាលក្ខណៈ «ឯងជួយខ្ញុំ ខ្ញុំជួយឯង» បើទុកជារុស្ស៊ីជួយអុីរ៉ង់ដូចការអះអាងខាងលើនេះមែន ក៏គ្មានអ្វីចម្លែកដែរ។ ទោះបីគ្មានសញ្ញាថារុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមអុីរ៉ង់ដោយផ្ទាល់មែន ប៉ុន្តែអាមេរិក និងអឺរ៉ុបអះអាងថារុស្ស៊ីលួចផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអុីរ៉ង់ជាហូរហែ។ អីចឹងហើយបានជាអុីរ៉ង់បាញ់មីស៊ីលដាក់ស្ថានទូតអាមេរិក និងសូម្បីតែបញ្ជាការដ្ឋានសម្ងាត់របស់ស៊ីអាយអេនៅមជ្ឈិមបូព៌ាក៏ពួកគេបាញ់គ្មានឱ្យខុសដែរ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ