ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ និង​ខ្មែរ​៤​នាក់ ​ទៅ​កាន់​តុលា​ការ ​​ករណី​លួ.ច​កា.ត់​ខ្សែភ្លើង​នៅ​ហាងខារ៉ាអូខេ​ និង​លួ.ច​ហ្គា​ស

3 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន ៤ នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​លួច​ចំនួន ២​ករណី​ផ្សេង​គ្នា​ និង​អ្នក​ទទួលផល​ចោរកម្ម ។

តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៤​នាក់ នៅ​ក្នុង​នោះ​ជនជាតិ​ចិន​០២​នាក់​និង​ខ្មែរ​ពីរ​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​លួច​២​ករណី​ផ្សេង​គ្នា ។

តាម​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ចំនួន ២​ករណី ករណី​ទី​១-តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ០២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រចូលថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា មាន​ករណី​លួច​កាត់​ខ្សែភ្លើង បង្ក​ឡើង​ដោយ​ក្រុម​ជនសង្ស័យ​មេក្រុម​បាន​ធ្វើ​សកម្មភាព​កាត់​ខ្សែភ្លើង​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច KTV មហា​តាន់ ស្ថិត​នៅ​ផ្លូវ ស​ប៊ិ​ត ភូមិ​14 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​ទទួល​ព័ត៌មានខាងលើ​ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន២​នាក់ភ្លាម​ៗ រួម​មាន​៖ ១-​ឈ្មោះ HU XING BING ភេទ​ប្រុស ជនជាតិ​ចិន​, ២-​ឈ្មោះ SIANG XIA DAN ភេទ​ប្រុស ជនជាតិ​ចិន ព្រមទាំង​ចាប់​យក​វត្ថុ​តាម​មួយ​ចំនួន​ទៀត បញ្ជូន​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ករណី​ទី​២ ៖ កាលពី​វេលា​ម៉ោង ០៨​និង​០០​នាទី ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ មាន​មេការ​ស្ថានីយប្រេង​​ឥន្ធនៈ​បាន​ប្តឹង​ទៅ​លើ​បុគ្គលិក​ដឹក​ហ្គា​ស​ដាក់​ឲ្យ​អតិថិជន​បាន​ធ្វើការ​លួច (​ហ្គា​ស​) នៅ​ចំណុចស្ថានីយប្រេងឥន្ធនៈ យីហោ «​លឹ​ម ឡុ​ង» ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​ទទួល​បាន​បណ្តឹងខាងលើ​ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ សហការ​ជាមួយ​មេការ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ខាងលើ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សូ សៀង​ហន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។ បន្ទាប់​មក កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ឆាយ លី​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ទទួលផល ចោរកម្ម ដោយ​បាន​ទទួល​ទិញ​ហ្គា​ស​ពី​ជនសង្ស័យ សូ សៀង​ហន់ ។​

ជនសង្ស័យ​រួម​នឹង​អ្នក​ទទួលផល​ចោរ​កម្ម​ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​