រាជធានីភ្នំពេញ ៖ នៅខែតុលា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹង សរុបចំនួន ៤០ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង១ករណីទៅសាលាដំបូងរាជធានីភ្នំពេញ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ប្រភពបានឱ្យដឹងថា អំពីសំណុំរឿង សំណុំរឿងព្រហ្មទណ្ឌលេខ ០២១/២៦ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ដែលមានជនត្រូវចោទឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr Xing ហៅ XinXin ហៅពូទី២ ហៅ Ly Sreing មុខរបរ អ្នកបកប្រែភាសាចិន ត្រូវចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើរៀបចំ ឬដឹកនាំ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីសម្អាតប្រាក់ ។
ACU បានលើកឡើងថាធាតុពិត ករណីអ្នកបកប្រែភាសាចិន ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr. Xing គឺជាភាគទី៥ (ភាគបញ្ចប់) នៃករណីអនឡាញស្គេម ឃុំព្រែកខ្សាច់ លើដី ៥ ហិកតារបស់មេឃុំ រៀម រុំ។ លើសពីអ្នកបកប្រែ ហ៊ុន លីស្រៀង ប្រើឈ្មោះសរុប ១១ ឈ្មោះ ត្រូវបាន ACU កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតស៊ីសំ ណូក-ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជាអ្នករៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) និងសម្អាតប្រាក់។ ហ៊ុន លីស្រៀង ធ្វើការបកប្រែឱ្យមេៗអនឡាញស្គេមជនជាតិចិន ដែលមានបងធំ លោកបងទី២ លោកបងទី៣ បងហាវ កឺ បង ឈាំង កឺ និង ចាង ចៀនឈាំង មេអនឡាញស្គេម ដែលធ្វើផ្ទាល់ជាមួយមេឃុំព្រែកខ្សាច់ រៀម រុំ។ ហ៊ុន លីស្រៀង តាំងខ្លួនជាពូទី២ ដើម្បីនាំសារ នាំបញ្ជាពីមេអនឡាញស្គេមទៅទិសដៅផ្សេងៗ ហើយជាអ្នកទទួលបញ្ជាពីលោកបងទី២ (អឺ កឺ) ទាក់ទងមកមេឃុំ រៀម រុំ ដើម្បីរៀបកន្លែងអនឡាញស្គេមឱ្យ ចាង ចៀនឈាំង ហៅ តៃ យ៉ូវយៀន ហើយចាត់ចែង តាំងពីឱ្យក្រុមឆបោក ៤២ នាក់ បើកតាមតង់ រហូតរៀបចាក់សាប ធ្វើរោងប្រក់ដំបូល ហើយដាក់ទូរកុងទឺនឺរឱ្យអ្នកទាំង ៤២ នាក់។
ក្រៅពីស្ថិតក្នុងក្រុមការងារទឹក (ដោះស្រាយទឹក) ជាមួយមេអនឡាញស្គេម ៥-៦ នាក់ និង រៀម រុំ និងក្រុមរបស់ រៀម រុំ (ជា សុទ្ធ ហៅ ម៉េង, ជា វាសនា …) ហ៊ុន លីស្រៀង ក៏ស្ថិតនៅក្នុងក្រុម ១ ទៀត ជាមួយមេៗអនឡាញស្គេមជនជាតិចិន ៥-៦ នាក់ ហើយក្រុមនោះត្រូវបានដាក់ឈ្មោះថា ក្រុមរកលុយដោយរលូន ។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តមប្រធាន ACU ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្ដល់អនុសាសន៍ល្អៗ ចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ ៕





ចែករំលែកព័តមាននេះ