ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌាជម្លៀសប្រជាជនជិត១០ម៉ឺននាក់ ព្រោះតែព្យុះស៊ីក្លូន ARNAB ដ៏ខ្លាំងក្លាបោកបក់ចូលតំបន់ឆ្នេរ

1 ម៉ោង មុន

ប្រទេស​ឥណ្ឌា ៖ តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ឥណ្ឌា​ថា អាជ្ញាធរ​ឥណ្ឌា​បាន​ចេញ​បញ្ជា​ កាលពី​ថ្ងៃ​ទី​២៧​ តុលា ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ជិត​១០០.០០០​នាក់ ក្នុង​រដ្ឋ​ជាប់​ឆ្នេរសមុទ្រ​អាន​ដ្រា​ប្រា​ដេ​ស និង​រដ្ឋ​អូ​ឌី​សា​ភាគ​ខាងកើត​ប្រទេស​ពេល​ដែល​ព្យុះ
ស៊ី​​ក្លូ​ន​ខ្លាំង​មួយ​បោកបក់​មក​ដល់​ នា​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា ​។

អាជ្ញាធរ​ស្រី​លង្កា​រ និង​នេ​ប៉ា​ល់ ​ជា​ប្រទេស​២​នៅ​ជាប់​ជិតខាង​ឥណ្ឌា ក៏​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ព្យុះ​នេះ​ដែរ ​។ ព្យុះ​សី​ក្លូ​ន​ឈ្មោះ​ ARNAB នោះ​ បោកបក់​លើ​តំបន់ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​អាន​ដ្រា​ប្រា​ដេ​ស នា​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​ ជាមួយ​ខ្យល់​បោកបក់​ដ៏​ខ្លាំង​ក្នុង​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង អម​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​ទីក្រុង​កំពង់​ផែ​កា​គី​ណា​ដា រដ្ឋ​អាន​ដ្រា​ប្រា​ដេ​ស ​ខណៈ​រលក​​ធំ​ៗ​បោក​លើ​មាត់ច្រាំង ​។

​

តាម​បណ្ដា​សារព័ត៌មាន​ឥណ្ឌា​ថា មនុស្ស​ប្រមាណ​ជា​៥០.០០០​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​រដ្ឋ​អាន​ដ្រា​ប្រា​ដេ​ស និង​៤៨.០០០​នាក់​ នៅ​រដ្ឋ​អូ​ឌី​សា​ ។ បណ្ដា​ទីភ្នាក់ងារ​សង្គ្រោះ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ផ្សាយ​ពី​ការ​វាយតម្លៃ​ណាមួយ​ពី​ការ​ខូច​ខាត​នៅឡើយ ក្នុង​ពេល​ភ្លាម​ៗ​ ។ ដើមឈើ​ជា​ច្រើន​ត្រូវរ​លំបាក់​ហើយ​ផ្ទះ​តូច​ៗ​ក៏​ត្រូវ​ខ្យល់​បោកបក់​ប៉ើ​ង​អស់​ដែរ​ ។ ចំណែក​ផ្លូវ​ជា​ច្រើន​ ត្រូវ​ទឹក​ជន់​លិច បណ្ដា​បង្គោល​ភ្លើង​ដួលរ​លំហើយ​ដំណាំ​ដាំ​ដុះ​ជា​ច្រើន​រង​ការ​បំផ្លាញ​។ នៅ​ភាគ​ខាងត្បូង​ឥណ្ឌា​កង​ទាហាន​ត្រូវ​បាន​កេណ្ឌ​ប្រមូល ហើយ​បណ្ដា​សាលារៀន​ត្រូវ​បិទ​ នា​ថ្ងៃ​ទី​២៧​ តុលា​ នៅ​ស្រី​លង្កា​ជិតខាង​ ។ អាជ្ញាធរ​ស្រី​លង្កា​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ទឹកជំនន់​និង​ការ​បាក់​ដី ​។

ចំណែក​អាជ្ញាធរ​នេ​ប៉ា​ល់​វិញ ​ក៏​ចេញ​ការ​ប្រកាស​អាសន្ន​ដែរ​នា​ថ្ងៃ​ទី​២៧​​ តុលា ដោយ​ព្រមាន​ថា​ ព្យុះ​ ARNAB ត្រូវ​បោកបក់​មក​ក្នុង​ប្រទេស​សំដៅ​ទៅ​ជួរ​ភ្នំ​ហ៊ឺ​ម៉ា​ឡៃ​យ៉ា​ ប្រហែល​នា​ពេល​យប់​ថ្ងៃ​ទី​២៩​ ទៅ​ ៣០​តុលា​ ។ ព្យុះ​នោះ​ អម​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដែល​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្ពស់​នៃ​ការ​បាក​ផ្ទាំង​ទឹកកក និង​ព្យុះ​ព្រិល​ ។

បណ្ដា​អ្នកទេសចរ​ត្រូវ​បាន​ស្នើ​ឲ្យ​ចៀសវាង​កុំទៅ​កាន់​ភ្នំ​ខ្ពស់​ៗ ហើយ​បណ្ដា​អ្នក​ទៅ​ដល់ទី​នោះ​ស្រាប់ ​ត្រូវ​មក​កាន់​កន្លែង​ដែល​អាច​​មាន​សុ​វត្តិភាព​។ ប្រទេស​នេ​ប៉ា​ល់​ ទើប​ជួប​ប្រទះ​កាលពី​ថ្ងៃ​ទី​២៦​​ សីហា នូវ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​មួយ ដោយសារ​ការ​បាក់​ផ្ទាំង​ទឹកកក ​និង​បាក់​ច​ង្កេះ​ភ្នំ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​ដល់​ទៅ​ជាង​១៤០០​នាក់ ​និង​ជាង​៥០០០​នាក់​បាត់​ខ្លួន​ ៕